ភ្នំពេញ៖ សត្វទន្សោងឈ្មោលមួយក្បាល បានស្លាប់បាត់បង់ជីវិត នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត នៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាព សុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់ របស់ព្រាន ជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។ នេះបើយោងតាមក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ការថ្លែងឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២០ ថា សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះ ត្រូវបានប្រទះឃើញ នៅក្នុងភូមិសាស្រ្ត ចំណុចអូរថ្ម ក្នុងព្រៃសហគមន៍ សង្ឃរុក្ខាវ័ន ស្ថិតក្នុងដែនជម្រកសត្វព្រៃ សង្ឃរុក្ខវ័ន និងបានទទួល ការសង្គ្រោះបឋមមុននឹងសត្វ ទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សាកសពសត្វទ្សោងនេះ នឹងត្រូវមន្ត្រីឧទ្យានុរក្ស និងព្រះតេជគុណ ប៊ុន សាលួត បញ្ចុះនៅទីស្នាក់ការកណ្តាល នៃសហគមន៍ព្រៃសង្ឃរុក្ខវ័ន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង ៧ ព្រឹក។
លោក នេត្រ ភក្ត្រា បានថ្លែងថា សត្វទន្សោងមួយក្បាល ដែលត្រូវបានជួយសង្គ្រោះនេះ ពិតជាគួរឱ្យអាណិត អាសូរខ្លាំងណាស់។ នៅលើមុខរបស់វា មានស្នាមហូរទឹកភ្នែក ដែលទំនងជាអស់ក្តីសង្ឃឹម និងជឿថាខ្លួនប្រាកដជា ត្រូវបានព្រានព្រៃ គ្មានក្តីមេត្តា សម្លាប់ជាមិនខាន ប៉ុន្តែទីបំផុតត្រូវបានជួយសង្គ្រោះ រួចផុតពីក្រញ៉ាំដៃ ក្រុមព្រានព្រៃ តែអកុសល សត្វទន្សោងនេះ នៅតែស្លាប់បាត់បង់ជីវិតគួរ ឱ្យសង្វេគបំផុត ដោយសារតែសុខភាព ចុះខ្សោយខ្លាំង អត់ចំណីជាច្រើនថ្ងៃ និងឈឺស្នាម របួសជាប់អន្ទាក់៕