ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា លោក ខាន់ សុវណ្ណ ភ្ញាក់ខ្លួនដូចខ្មោចងាប់បាន ៧ថ្ងៃ ក្រោយត្រូវព្រនង់យ៉ាងធ្ងន់ ក្បែរជាប់គុកទើបចេញលិខិតសុំទោសផ្លូវការ ប៉ុន្តែលិខិតសុំទោសនេះ គឺគ្មានលក្ខណៈបែបបទរដ្ឋបាលបន្តិចសោះ។
លោក ពេជ្រ ស្រស់ បានលើកឡើងបែបនេះក្រោយពី លោក ខាន់ សុវណ្ណ បានចេញមុខធ្វើលិខិត សូមខមាទោសព្រះសង្ឃខ្មែរនៅទូទាំងប្រទេស ចំពោះកំហុសឆ្គងរបស់ខ្លួន ដែលលើកជាទស្សនៈចង់ឱ្យមានការផ្សឹក ព្រះសង្ឃព្រះជន្មក្រោម ៥៦វស្សាដើម្បីបំពេញកម្លាំង ពលកម្មផ្នែកសំណង់។
លោក ពេជ្រ ស្រស់ បានសរសេរសារឌឺដង តាមរយៈហ្វេសប៊ុកនៅថ្ងៃទី២៤ឧសភានេះថា “លោក ខាន់ សុវណ្ណ ភ្ញាក់ខ្លួនដូចខ្មោចងាប់បាន៧ថ្ងៃ ក្រោយត្រូវព្រនង់យ៉ាងធ្ងន់ ក្បែរជាប់គុក ទើបចេញលិខិតសុំទោសផ្លូវការ ប៉ុន្តែលិខិតសុំទោសនេះគឺគ្មានលក្ខណៈបែបបទរដ្ឋបាលបន្តិចសោះ ហើយជារើយៗតានេះអួតខ្លួនជាអ្នកជ្រៅជ្រះ លើកិច្ចការងារណាស់។ ហើយលិខិតសុំទោសនេះធ្វើដូចកូនក្មេងលេង”៕