ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ ជាង១ពាន់គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

0

ភ្នំពេញ៖ ដេីម្បីជួយសម្រាលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលរងគ្រោះqដោយខ្យល់កន្ត្រាក់​ក្នុងពេលថ្មីៗនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​មន្ត្រីទីស្នាក់ការកណ្តាល​ បែងចែកជា​ ៤មុខព្រួញ​ ចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌​យកទៅចែកជូន ដេីម្បីជួយសម្រាលដល់ការលំបាករបស់ប្រជាពលរដ្ឋសរុបចំនួន​ ១,២៤៥គ្រួសារ​ នៅតាមតំបន់រងគ្រោះនីមួយៗ។ នេះបើយោងតាមខុទ្ទកាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

មុខព្រួញទី១​ ដឹកនាំដោយ​ លោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ អញ្ជេីញ​ចុះសួរសុខទុក្ខ​ និងនាំយកអំណោយផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន​ ២៦០គ្រួសារ​ រស់នៅស្រុក​ឈូក​ ស្រុកដងទង់​ និងស្រុកបន្ទាយមាស​ នៃខេត្តកំពត​ នៅថ្ងៃទី​ ២២-២៣​ ខែឧសភា​ ឆ្នាំ២០២០។ 

មុខព្រួញទី២​ ដឹកនាំដោយលោក​ យូ​ ឡាណា​ អគ្គលេខាធិការរងទី​២​ កាកបាទក្រហមកម្ពុជា​ អញ្ជេីញ​ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន​ ២១គ្រួសារ​ រស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់, ១២០គ្រួសារ​ រស់នៅស្រុកចំនួន៧​ នៃខេត្តបាត់ដំបង​ និង​ ៦៣គ្រួសារ​ រស់នៅក្រុង-ស្រុកចំនួន៨​ នៃខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី​ ២១​-២៥ ខែឧសភា​ ឆ្នាំ២០២០។

មុខព្រួញទី៣ ដឹកនាំដោយ​ លោក អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​  កាកបាទក្រហមកម្ពុជា​ អញ្ជេីញ​ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន​ ១៤៧គ្រួសារ​ រស់នៅក្រុង-ស្រុកចំនួន៥​ នៃខេត្តឧត្តរមានជ័យ និង​ ១០៨គ្រួសារ​ រស់នៅស្រុកសូត្រនិគម​ និងស្រុកពួក​ នៃខេត្តសៀមរាប នៅថ្ងៃទី​ ២២-២៥​ ខែឧសភា​ ឆ្នាំ២០២០។ 

មុខព្រួញទី៤​ ដឹកនាំដោយ​ លោកស្រី ហួន​ ច័ន្ទបូរ៉ា​ នាយិកា​ នាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា​ អញ្ជេីញ​ចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន​ ៥២៦គ្រួសារ​ រស់នៅស្រុកមុខកំពូល​ និងស្រុកល្វាឯម​ ខេត្តកណ្តាល នៅថ្ងៃទី​ ២១-២២ ខែឧសភា​ ឆ្នាំ២០២០។ 

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់​ គណៈប្រតិភូគ្រប់មុខព្រួញ បានពាំនាំប្រសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញេីសួរសុខទុក្ខ ក្តីនឹករលឹក​ និងក្តីអាណិតអាសូរ​ ជាពិសេស​ ក្តីព្រួយបារម្ភ​ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់​ ដែលប្រឈម​ទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ​ ដែលកេីតឡេីង​ដោយមិនអាចស្មាន​បាន។ ហេតុដូចនេះហេីយ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន​ បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់​ ដោយនាំយកនូវគ្រឿងបរិភោគ​ សម្ភារ​ប្រេីប្រាស់ និងថវិកាមួយចំនួន ដេីម្បីជួយសម្រាលការលំបាកទៅតាមស្ថានភាព​រង​គ្រោះ​ជាក់ស្តែង​របស់គ្រួសាររងគ្រោះ​ធ្ងន់-ស្រាលនីមួយៗ​ ព្រមទាំងបានពាំនាំនូវសារអំពាវនាវ​ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា​ តាមរយៈ​ ការតាមដានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម​ និងវិធានការ​ត្រៀមបង្ការផ្សេងៗទៀត។

កាកបាទក្រហមកម្ពុជា តែងតែជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត​ និងគ្រួសាររងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងប្រទេសទៅតាមលទ្ធភាព។ ទន្ទឹមនឹងនេះ​ កាកបាទក្រហមកម្ពុជា​ សូមថ្លែងអំណរគុណចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន​ដែលបានចូលរួមឧបត្ថម្ភថវិកាជាបន្តបន្ទាប់​ដល់កាកបាទក្រហមកម្ពុជា​ ទោះបីជា​ កាកបាទក្រហមកម្ពុជា​ បានផ្អាកការប្រារព្ធទិវា​ ៨​ ឧសភា​ ឆ្នាំ២០២០នេះ​ ដោយសារតែស្ថានភាពនៃជំងឺកូវីដ-១៩​ ក៏ដោយ​។ 

ជាមួយគ្នានេះ​ គណៈប្រតិភូ​ បានពាំនាំសេចក្តីអំពាវនាវរបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​​ ដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមអនុវត្តតាមការអំពាវនាវរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី និងត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ក្នុងការទប់ស្កាត់រលកទីពីរនៃការចម្លងវីរុសកូវីដ-១៩​នៅកម្ពុជា​ តាមរយៈការអនុវត្តនូវវិធានការជាបន្តបន្ទាប់​របស់ក្រសួងសុខាភិបាល​ ជាពិសេសការរក្សាអនាម័យ​ដៃស្អាត​​ ពាក់ម៉ាស​ (ក្នុងករណីចាំបាច់)​ ប្រេីកន្សែងឬក្រមា​ឬក្រដាសជូតមាត់សម្រាប់ខ្ទប់មាត់ពេលក្អក​ ឬកណ្តាស់ និងការរក្សាគម្លាតសុវត្ថិភាពសង្គម​ និងគម្លាតសុវត្ថិភាពបុគ្គល។ ទន្ទឹមនឹងនេះ​ សូមប្រជាពលរដ្ឋទាំងអស់​ យកចិត្តទុកដាក់​ គិតគូរពីសុវត្ថិភាព​ចរាចរណ៍​ ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន​ ដេីម្បីទប់ស្កាត់សោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលកេីតមានឡេីងជារៀងរាល់ថ្ងៃ​ និងត្រូវរួមគ្នាថែរក្សាសន្តិភាព​ រស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា​ និងខិតខំប្រកបរបរបង្កបង្កេីនផល​ដេីម្បីលេីកកម្ពស់ជីវភាពគ្រួសារ។

សូមបញ្ជាក់ផងដែរថា​ គ្រួសាររងគ្រោះនីមួយៗទទួលបាន​អំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា រួមមាន៖  អង្ករ​ ៣០គីឡូក្រាម​ មី​ ១កេស​ ត្រីខ​ ១០កំប៉ុង​ និងឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ដូចៗគ្នា។ ដោយឡែក​ គ្រួសាររងគ្រោះដោយរលំផ្ទះទាំងស្រុង​ ទទួលបានបន្ថែម​ តង់ចំនួន១​ និងថវិកា​ ២០ម៉ឺនរៀល។ ចំពោះគ្រួសាររងគ្រោះច្រេីនជាង៥០%​ ទទួលបានបន្ថែម​ តង់ចំនួន១​ និងថវិកា​ ១០ម៉ឺនរៀល ហើយគ្រួសាររងគ្រោះដោយអន្លេី​ ទទួលបានបន្ថែម​ថវិកា​ ៥ម៉ឺនរៀលផងដែរ៕