សម្ដេចតេជោ ប្រាប់បងប្អូន សាសនិកខ្មែរឥស្លាម កុំឲ្យធ្វេសប្រហែស ចំពោះជំងឺកូវីដ១៩ ដ៏កាចសាហាវឡើយ

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបងប្អូនសាសនិកខ្មែរឥស្លាម បន្តអនុវត្តតាមនូវរាល់ វិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការការពារ ពីជំងឺកូវីដ១៩ មិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៍កាចសាហាវនេះ នោះឡើយ

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ ឧសភានេះថា ខ្ញុំក៏សូមអំពាវនាវឱ្យបងប្អូនបន្តអនុវត្តតាមនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល​ ក្នុងការការពារពីជំងឺកូវីដ១៩នេះ​ ទោះបីអ្នកជំងឺកូវីដ១៩បានជាសះស្បេីយអស់​ ១២២នាក់កន្លងមក ហើយទើបមាន នាំចូល មកថ្មីពីរ នាក់ក៏ដោយ ដែលគិតត្រឹមថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២០នេះ គឺយើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៍កាចសាហាវនេះ នោះឡើយ “

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដីសុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេសរួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ​ និង អារម្មណ៍ជ្រះថ្លា។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងភរិយា ខ្ញុំសូមអបអរសាទរនិង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌនប្រកបដោយជោគជ័យ​ និងអារម្មណ៍ជ្រះថ្លា​ ហេីយនឹងរីករាយស្វាគមន៍បុណ្យរ៉យ៉ាហ្វ៊ីទ្រី​ នៅថ្ងៃអាទិត្យ ទី  ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤១ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ៣កេីត ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ . ២៥៦៤ ដែលត្រូវនឹងថ្ងៃទី ២៤ ខែឧសភា​ ឆ្នាំ២០២០ “

សម្ដេចតេជោ បានសរសេរបន្ថែមថា” ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមថែរក្សាសន្តិភាព រួមគ្នានឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង គណបក្ស ប្រជាជនកម្ពុជា តាំងពីដើម តរៀងមក ជាពិសេសបានចូលរួមជាមួយរាជរដ្ឋាភិបាល​ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយគោរពអនុវត្តបាន យ៉ាងខ្ជាប់ខ្ជួនទៅតាមសារាចរណែនាំ និង សេចក្ដីណែនាំទៅតាមវិធានការនាៗ របស់រាជរដ្ឋាភិបាល ។ខ្ញុំ និង ភរិយា សូមបួងសួងអោយបងប្អូនទាំងអស់​ ទទួលបាននូវសេចក្កីសុខស្លាម៉ាត់ ករុណារ៉ស់ម៉ាត់ ចំរើនព្ហារ៉កាត់ សុភមង្គល​ ក្ដីមេត្តាករុណា និង អាណិត ស្រឡាញ់ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះទទួលយកនូវកុសលផលបុណ្យទាំងឡាយនៃខែបួសរ៉ម៉ាឌនដែលបងប្អូនបានប្រតិបត្តិកុំបីអាក់ខានឡើយ “