សម្ដេចតេជោ៖ ជំងឺរលាកផ្លូវដង្ហើម កូវីដ១៩ កាចសាហាវខ្លាំងណាស់ កំពុងវាយលុកលើ ២១៦ប្រទេស

0

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានលើកឡើងថាស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ គឺបានកើនឡើងរហូតដល់ជិត៥លាននាក់ (៤,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ជាង៣០ម៉ឺននាក់ (៣២៧,៨២១) ខណៈជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណា ស់ដែលកំពុងវាយលុកលើ ២១៦ ប្រទេស ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវកុំឲ្យប្រជាពលរដ្ឋទៅកន្លែងណា ដែលមិនចាំបាច់ទៅ ជាពិសេសទីកន្លែង ដែលមានក្រុមមនុស្សច្រើន និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប់ជានិច្ចដើម្បីបង្ការការចម្លងជំងឺ ដ៏កាចសាហាវនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រ ហ្វេសប៊ុកនៅថ្ងៃទី២៣ ឧសភានេះថា “សូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ កាលពីសប្តាហ៍មុនប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២នាក់មកវិញ”។

សម្ដេចតេជោ ឲ្យដឹងបន្ថែមថា “ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លង ដ៏កាចសាហាវនេះ។ ត្រូវបង្កើនអនាម័យសុខភាពរស់នៅអោយបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃ អោយបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុលឬ ចឹលកម្ចាត់មេរោគ និងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យ ទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមក ក្រុមគ្រួសារយើងផងដែរ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន។ សូមស្តាប់នឹងធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាលអោយបានជាប់ជានិច្ច”៕