សប្ដាហ៍ទី៣ នគរបាលឃាត់យានយន្ដល្មើសច្បាប់ជាង ៨ពាន់គ្រឿង យកមកពិន័យតាមច្បាប់

0

ភ្នំពេញ៖ សប្ដាហ៍ទី៣ នៃការរឹតបន្ដឹង និងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ចាប់ពីថ្ងៃទី១៥-២១ ខែឧសភា ឆ្នាំ២០២០ នគរបាលបានឃាត់ យានយន្ដល្មើសច្បាប់ចំនួន ៨.២២៧គ្រឿង យកមកពិន័យតាច្បាប់ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២២ ឧសភានេះ បានឲ្យដឹងថា ក្នុងចំណោមយានយន្ដល្មើសច្បាប់ទាំង ៨.២២៧គ្រឿង មានទោចក្រយានយន្ដ និងត្រីចក្រយានយន្ដចំនួន ៥.៩៨១គ្រឿង ស្មើនឹង៧២% និងរថយន្ដគ្រប់ប្រភេទចំនួន ២.២៩៦គ្រឿង ស្មើនឹង២៨%។ ទន្ទឹមនឹងនោះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៤លើក ស្មើនឹង២២% ស្លាប់ថយចុះ៩នាក់ ស្មើ២៤% និងរបួសថយថុះ១៦នាក់ ស្មើ១៧% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីខែមេសា ឆ្នាំ២០២០។

ជាមួយគ្នានោះដែរ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅតែបន្តអំពាវនាវ យ៉ាងទទូចដល់សាធារណជន និងអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្ដយកចិត្តទុកដាក់ចូលរួមគោរព និងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រួមទាំងប្រកាន់ខ្ជាប់នូវស្មារតី យោគយល់អាធ្យាស្រ័យក្នុងការបើកបរ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជាអាយុជីវិត ទ្រព្យសម្បត្តិអ្នកដទៃផងដែរ​ ៕