វិស័យកីឡា ត្រូវបានអនុញ្ញាតឲ្យ បេីកដំណេីរការឡេីងវិញ តែត្រូវគោរពលក្ខខណ្ឌមួយចំនួន

0

ភ្នំពេញ៖ វិស័យកីឡា ត្រូវបានអនុញ្ញាតឲ្យ បើកដំណើរការឡើងវិញ ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដេីម្បីចៀសវាងការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ១៩ នៅថ្ងៃទី២២ ឧសភានេះ បានឲ្យដឹងថា ដើម្បីពិនិត្យមើលការបើក ឡើងវិញនៃវិស័យកីឡាជាជំហានៗ វិស័យកីឡា ត្រូវបានអនុញ្ញាតឲ្យមានវិធានការកែតម្រូវ សម្រាប់ការបើកដំណើរការឡើងវិញ នូវវិស័យកីឡា ដោយត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដូចខាងក្រោម

ទី១អនុញ្ញាតឲ្យបើកកាតប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្ស នា ដែលមានតែកីឡាករ កីឡាការិនីនិងមន្ដ្រីបច្ចេកទេសក្នុងចំនូនមិនឲ្យលើសពី១០០នាក់ ក្រោមការគ្រប់គ្រងទទួលខុសត្រូវយ៉ាងហ្មត់ចត់ពីសហព័ន្ធកីឡាជាតិនីមួយៗ។

ទី២អនុញ្ញាតឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រ ងរបស់ក្រសួងអប់រំ យុវជន និងកីឡាដោយគោរពយ៉ាងម៉ឹងម៉ាត់តាមវិធានការការពារកុំឲ្យ មានការ ចម្លងវិរុស កូវីដ១៩ និងការពាររលកទី២ នៃការចម្លងវិរុសនេះ របស់ក្រសួងសុខាភិ បាល។

ទី៣មុននឹងបើកឲ្យដំណើរការត្រូវមានការចាត់ចែងរៀបចំជាមុននូវវិធាន ការ ការពារនានា ដូចជា ការសម្អាតដៃឲ្យបានញឹកញាប់ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាស់កុល ឬទឹក ជែលសម្រាប់លាងដៃ ជាដើម។

និងទី៤ត្រូវធានាថា ទីកន្លែងដែលបើកដំណើរការកីឡា ដូចបានជម្រាបជូនខាងលើនេះ មានការអនុវត្តវិធានការការពារ ការចម្លងវិរុសកូវីដ១៩ បានត្រឹមត្រូវ និងហ្មត់ចត់ និងមាន អ្នកត្រួតពិនិត្យត្រឹមត្រូវហើយមិនត្រូវឲ្យកន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួនក្លាយទៅជាកន្លែង រាតត្បាតជំងឺកូវីដ១៩នោះឡើយ។

ជាមួយគ្នានោះដែរ គណៈកម្មការអន្ដរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈក្រសួងសុ ខាភិបាល បន្ដអំពាវនាដល់ប្រជាពលរដ្ឋ ត្រូវបន្ដអនុវត្តវិធានការការពារខ្លួនជាចាំបាច់នៅក្នុងដំណាក់កាលប្រយុទ្ធនឹងជំងឺកូវីដ១៩ នេះ ដើម្បីការពារការចម្លងវិរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅ បុគ្គលម្នាក់ និងកុំឲ្យមានរលកទី២ នៃការចម្លងវិរុសកូវីដ១៩៕