ភ្នំពេញ៖ ចាប់ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាល តាមរយៈក្រសួងរ៉ែ និងថាមពល បានសម្រេចនឹងអនុវត្តផែនការ អនុគ្រោះ និងលើកទឹកចិត្ត ចំពោះការប្រើប្រាស់អគ្គិសនីលើវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ក្នុងអំឡុងពេលដែលកម្ពុជា កំពុងទប់ស្កាត់ជំងឺកូវីដ១៩ ។
យោងតាមសេចក្ដី ប្រកាសរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០, ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់ អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែមិថុនា ដល់ ខែតុលា ឆ្នាំ២០២០ មានខ្លឹមសារ ដូចខាងក្រោម៖
១- ផ្ដល់ការអនុគ្រោះលើកលែង ការបង់ថ្លៃ អគ្គិសនី តាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃ តាមលក្ខខណ្ឌអនុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនី ត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្ដែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះទីតាំងនោះប្រើប្រាស់អគ្គិសនី ដែលផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជា ឬ អ្នកផ្គត់ផ្គង់ឯកជន ក៏ដោយ ៕



