ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងជញ្ជូនប្រកាសទុក ពេល១ខែ ឲ្យក្រុមហ៊ុន ហាន់ស៊ីង (HanShin) របស់កូរ៉េសាងសង់ផ្លូវជាតិលេខ២ឲ្យ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ បើមិនដូច្នេះទេក្រសួងនឹងលុបចោលកុងត្រា ហើយដាក់ក្រុមហ៊ុនថ្មីមកជំនួស។
ក្នុងឱកាស ចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់ផ្លូវជាតិ លេខ៣ ចាប់ពីរង្វង់មូលចោមចៅ ដល់ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានរំលឹកថា នាពេល កន្លងមក ក្រុមការងារ ក្រសួង ធនាគារកូរ៉េ ស្ថានទូត បានចុះត្រួតពិនិត្យផ្លូវជាតិលេខ២ តែគ្មានគ្រឿងចក្រមក ឈូសឆាយសាងសង់ផ្លូវឡើយ។
លោកបន្ដថា ក្រោយមកទៀត ក្រសួងសាធារណការ ក៏បានធ្វើលិខិតព្រមាន ក្រុមហ៊ុនសាងសង់ផ្លូវរបស់កូរ៉េ ធ្វើទៅតាមលក្ខណៈបច្ចេកទេស និងតាមកិច្ចព្រមព្រៀងដែល បានចុះហត្ថលេខាជាមួយគ្នា ដូចជា ៖ យកគ្រឿងចក្រឲ្យបានគ្រប់គ្រាន់ និងធ្វើទៅតាម លក្ខណៈបច្ចេកទេស។
លោកមានប្រសាសន៍ថា «ចឹងខ្ញុំបានធ្វើលិខិតព្រមានហើយ ចម្លងទៅក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ខ្ញុំបានចម្លងជូនស្ថានទូតកូរ៉េ ។ ខ្ញុំបានចម្លងជូនធនាគារកូរ៉េ ដែលឲ្យយើងខ្ជីលុយមក សាងសង់ផ្លូវជាតិលេខ២នេះ។ ហេតុអ្វីផ្លូវជាតិលេខ២ បើកការដ្ឋានហើយ គ្មានគ្រឿងចក្រធ្វើការ។ ដូច្នេះ ក្រុមហ៊ុនសាងសង់ផ្លូវ លេខ២ ត្រូវពន្លឿនការងារបន្ថែមទៀត ហើយយកគ្រឿងចក្រមកគ្រប់គ្រាន់ ដើម្បីសាងសង់ផ្លូវតាម លក្ខណៈបច្ចេកទេស ជាពិសេស ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋធ្វើដំណើរ មានសុវត្ថិភាព និងងាយស្រួល ដឹកកសិផល» ។
លោក ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា «ចឹងយើងហៅក្រុមហ៊ុន ត្រួតពិនិត្យលក្ខណៈបច្ចេកទេស មកពិភាក្សាគ្នាឲ្យច្បាស់ គឺឲ្យពេលមួយខែ ដោះស្រាយបញ្ហាឲ្យបាន បើដោះស្រាយមិនបាន យើងអាចឈានទៅដល់ការលុបចោល កុងត្រាហ្នឹង ហើយជ្រើសរើសក្រុមហ៊ុនថ្មី» ៕