ភ្នំពេញ៖ មិត្តចិននៅតែបន្តផ្ដល់ជំនួយ ជាសម្ភារសម្រាប់ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ទោះបីជាកម្ពុជាមិនទាន់ រកឃើញអ្នកឆ្លងថ្មី ខណៈអ្នកជំងឺទាំងអស់ត្រូវបាន ព្យាបាលជាសះស្បើយ ១០០% កាលពីពេលថ្មីនេះៗ។ នេះបើយោងតាមហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា។
ជាក់ស្ដែងនាថ្ងៃទី១៩ ខែឧសភា សហព័ន្ធប្រជាជនចិនក្រៅប្រទេស (សភាពាណិជ្ជកម្មចិនក្រៅប្រទេស) នៃទីក្រុងថៃចូវ ខេត្តជាំងស៊ូ ប្រទេសចិន បានផ្តល់ម៉ាស់ការពារ សម្រាប់ប្រើមួយលើកចំនួន ១០០០០ម៉ាស់ និង៦០០០ម៉ាស់ ជូនដល់សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាប្រចាំខេត្តសៀមរាប និងមន្ទីរពេទ្យអន្តរជាតិអង្គរ។
នាថ្ងៃខែដដែល សភាពាណិជ្ជកម្មខេត្តជឹជាំង ប្រទេសចិនប្រចាំប្រទេសកម្ពុជា បានប្រគល់ម៉ាស់សម្រាប់ប្រើមួយលើកចំនួន ១០០០០ម៉ាស់ ទឹកលាងដៃចំនួន ៣០០០ដប អាកុលវេជ្ជសាស្រ្តជាង ៥០០០ដប និងសម្ភារៈទប់ស្កាត់ផ្សេងទៀត ដែលបានប្រមូល និងផ្តល់ដោយសភាពណិជ្ជកម្ម និងទីក្រុងលីស៊ួយ ខេត្តជឹជាំង ប្រទេសចិន ជូនចំពោះក្រសួងទេសចរណ៍កម្ពុជា។
នាថ្ងៃខែដដែល សភាពាណិជ្ជកម្មខេត្តហ្វូជាន ប្រទេសចិនប្រចាំប្រទេសកម្ពុជា បានផ្តល់ម៉ាស់ការពារ សម្រាប់ប្រើមួយលើកចំនួន ៧កេះ និងថ្នាំ LIANHUA QINGWEN JIAONANG ចំនួន ១កេះ ជូនដល់សាលារៀនប៊ិនសៀងនៃ សមាគមនិកាយចិនហុកគៀនកម្ពុជា និងព្រមទាំងបានផ្តល់ម៉ាស់ សម្រាប់កុមារចំនួន ៤០០០ម៉ាស់ ម៉ាស់ការពារសម្រាប់ប្រើមួយលើកចំនួន ៤០០០ម៉ាស់ និងថ្នាំLIANHUA QINGWEN JIAONANGចំនួន ៤០០ប្រអប់ ជូនដល់សមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ៕