ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទាន ឥតសំណង ប្រមាណ៧លានដុល្លារអាមេរិក សម្រាប់ការស្តារសេដ្ឋកិច្ចកម្ពុជា ឡើងវិញ ក្រោយចប់ជំងឺកូវី-១៩។នេះយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិធីប្រកាស អំពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ កាស្ដារសម្បទារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ ១៩នៅថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន ទុបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក PatrickMurphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។
នៅក្នុងពិធីប្រកាសនោះលោក Patrick Murphy បានជម្រាបជូនថា «រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងផ្តល់ ហិរញ្ញប្បទានឥតសំណងប្រមាណ៧,៥ លានដុល្លារអាមេរិក ដែលក្នុងនោះ ថវិកាចំនួន ៥លាន សម្រាប់ស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និង ២,៥លានដុល្លារអាមេរិកទៀត ជាហិរញ្ញប្បទានបន្ថែម សម្រាប់ការឆ្លើយតបនឹង ការការពារសុខមាលភាព ប្រឆាំងនឹងជំងឺកូវី-១៩ នៅកម្ពុជា ។»
ក្នុងឱកាសនោះ ដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានថ្លែងនូវអំណរគុណជូនចំពោះរដ្ឋាភិបាល និង ប្រជាជនអាមេរិក ដែលបានផ្តល់ជំនួយ អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ដែលជាកាយវិការប្រកបដោយ អត្ថន័យសម្រាប់ ប្រជាជនកម្ពុជា ។
លោកបានបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ មិនត្រឹមតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់សុខមាលភាព សាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគំរាមកំហែង ដល់ការ អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ហើយកម្ពុជាក៏ដូចជា ប្រទេសដទៃទៀត ដែរបានទទួលរង ផលប៉ះពាល់ពីជំងឺនេះ ៕