ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ សេចក្តីព្រាង ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់សំខាន់ៗមួយ ចំនួនទៀតទៅគណៈកម្មការជំនាញសិក្សា និងពិនិត្យ។
ការសម្រេចប្រគល់ សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នា២០២០ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធាន រដ្ឋសភា ព្រមទាំងមានការចូលរួម ពីសមាជិកអចិន្ត្រៃយ៍ទាំងអស់ ។
ក្រោមពីកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃរដ្ឋសភា បានសម្រេចលទ្ធផល ដូខាងក្រោម៖
១- អង្គប្រជុំបានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង ហិរញ្ញប្បទានដល់ការរីក សាយភាយអាវុធមហាប្រល័យ ដល់ គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយសហការជាមួយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
២- អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំង ការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម ដល់គណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយ ធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វិញ។
៣- អង្គប្រជុំបានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យ ព្រហ្មទណ្ឌ ដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយ ធ្វើរបាយការណ៍ជូន គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា វិញ។
ជាមួយគ្នានោះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖
១ -កិច្ចព្រម ព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល ការលុបបំបាត់ ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ និងការចៀសវាង ពន្ធ។
២ – កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេសពន្ធ និងការចៀសវាងពន្ធ ដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម ដោយសហការ ជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា វិញ។
ជាងនេះ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមឱ្យព្រះរាជាណាចក្រ កម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពា រស្នាដៃ អក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ដល់គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដោយ សហការជា មួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការ អន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយ ធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ៕