រថយន្តពីរគ្រឿងបុកគ្នា លើផ្លូវមិនអស់ចិត្ត ជ្រុលបុករះចូលផ្ទះ ពលរដ្ឋបន្តទៀត

0

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៤នាក់ ហើយរថយន្តបានបន្ត ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នងបន្ថែមទៀត កាលពីវេលាម៉ោង ៥៖៣៥នាទី ព្រឹកថ្ងៃទី២០ ឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុកលោក ខៀវ កាញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទី១ឈ្មោះ ហង់ រឿង ភេទប្រុស អាយុ៦០ឆ្នាំ សង់អំពីឈើទំហំ ៥.២០x៨ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្ដារ កម្ពស់២.៥០ម៉ែត្រ បានដួលរលំទាំងស្រុង និងទី២ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ជួន លេន ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះសង់អំពីដែក ទំហំ ៤x៥ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី រងការខូចខាត។

មុនកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ចាម 3A-8376 បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស អាយុ១៧ឆ្នាំ (រងរបួសស្រាល) នៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តកំពង់ចាម ជារថយន្តដឹកត្រី ដឹកមនុស្សម្នាក់ឈ្មោះ ជុន រដ្ឋធី ភេទប្រុស អាយុ២៧ឆ្នាំ ( របួសធ្ងន់) រស់នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ធ្វើដំណើរពីកើតទៅលិច បានបែកកង់មុខ ហើយក៏បុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A-0115 បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ( ស្លាប់នៅនឹងកន្លែង) រស់នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ធ្វើដំណើរពីកើតទៅលិច។ ដោយមិនទាន់អស់ល្បឿន រថយន្តបង្កបន្តបុកទៅបុកផ្ទះ ប្រជាពលរដ្ឋចំនួន២ខ្នងបន្ថែមទៀត បណ្ដាលឲ្យមនុស្សចំនួន ២នាក់ ជាកូនម្ចាស់ផ្ទះ របួសស្រាល គឺឈ្មោះ ហង់ បុត្រវីរ: ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ណាត ចាន់ណា ភេទស្រី អាយុ២៧ឆ្នាំ។ ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ វាស់វែង និងធ្វើកំណត់ហេតុ ដើម្បីដោះស្រាយពេលក្រោយ៕