គណៈសង្ឃនាយក ចាត់ទុកការលើកឡើង របស់លោក ខាន់ សុវណ្ណ ជាគំនិតខ្វះវិចារណញ្ញាណ

0

ភ្នំពេញ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដែលចង់ឲ្យមានការផ្សឹក ព្រះសង្ឃព្រះជន្នក្រោម ៥៦វស្សា ដើម្បីយកកម្លាំងពលកម្ម ទៅបម្រើវិស័យសំណង់កំពុងខ្វះខាត គឺជាគំនិតខ្វះវិចារណញ្ញាណ ។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ឧសភាកន្លងទៅ លោក ខាន់ សុវណ្ណ បានសរសេរលើហ្វេសប៊ុកថា «កម្ពុជាកំពុងខ្វះខាតកម្លាំង ពលកម្មក្នុងវិស័យសំណង់ និងត្រូវការកម្មករ ជំនាញ និងគ្មានជំនាញជាច្រើនម៉ឺននាក់ដើម្បីបង្គ្រប់ទីផ្សារ។ ១៖ ចាត់ការផ្សឹកលោកសង្ឃ ដែលកំពុងពេញកម្លាំងក្រោម អាយុ៥៦ឆ្នាំចោលឲ្យអស់។ ២៖ ចាត់ការតម្លើងប្រាក់ឈ្នួល របស់កម្មករសំណង់នោះ ឲ្យបានស្មើតម្លៃពលកម្ម របស់ប្រទេសថៃ។ តើអាចទៅរួចដែរទេ?» ។

យោងតាមសេចក្តីថ្លែងការណ៍ គណៈសង្ឃនាយកនៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ឧសភានេះ បានឲ្យដឹងថា គណៈសង្ឃនាយកយល់ឃើញថា គំនិតយោបល់របស់លោក ខាន់ សុវណ្ណ បានបង្កប់នូវ អត្ថន័យខ្លឹមសារ និងការឆ្លុះបញ្ចាំងដូចខាងក្រោម៖

១៖ ភាពអសីលធម៌ គំនិតលាមក និងភាពយង់ឃ្នងសាហាវ ឃោរឃៅព្រៃផ្សៃបំផុត

២៖ ការប្រមាថមាក់ងាយមកលើព្រះសង្ឃពុទ្ធសាសនាគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស

៣៖ ការបង្វែរគំនិតមហាជនឱ្យដើរជាន់ដានប្រវត្តិសាស្ត្រ ល្វីងជូរចត់(បីឆ្នាំប្រាំបីខែម្ដែថ្ងៃ) ជារបប ខ្មៅងងឹតទមិឡឥតសាសនាដែលពិភពលោក និងមនុស្សជាតិស្អប់ខ្ពើមជាទីបំផុត

៤៖ រំលោភក្រមព្រហ្មទណ្ឌកម្ពុជាត្រង់មាត្រា៥១៦ ពីបទប្រមាថកាត់តឿនចំពោះព្រះសង្ឃ និងជា ការប៉ះពាល់ស្មារតីមាត្រា៤៣ នៃច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាចែងថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលរដ្ឋ មានកាតព្វកិច្ចការពារមិនឱ្យបុគ្គលណារំលោភបំពានបានឡើយ

៥៖ ជាការរំលោភសិទ្ធិមនុស្សជាសកលដែលចែងអំពីសិទ្ធិជំនឿ និងការរស់រានមានជីវិតប្រកប ដោយសេចក្ដីថ្លៃថ្នូរក្នុងភេទជាបព្វជិតក្ដី និងជីវភាពជាគ្រហស្ថក្ដី

៦៖ គំនិតខ្វះការគិតគូរវែងឆ្ងាយ ខ្វះពិសោធន៍ ខ្វះចំណេះដឹងប្រវត្តិសាស្ត្រ គ្មានសុចរិតភាព គ្មាន ភាពយុត្តិធម៌ និងគ្មានសេចក្ដីថ្លៃថ្នូរក្នុងការប្រើប្រាស់សំណេរ និងការបញ្ចេញមតិ។

៧៖ បង្កើតនូវភាពឈឺចាប់ និងការចងកម្មពៀរវេរាដល់យុវសង្ឃ និងពុទ្ធបរិស័ទ។

គណៈសង្ឃនាយកបាន សម្តែងការសោកស្ដាយជាទីបំផុត ហើយថ្កោលទោសចំពោះសំណេរ និងការលើកឡើងរបស់លោក ខាន់ សុវណ្ណ ដោយចាត់ទុកថា ជាការ ខ្វះវិចារណញ្ញាណ ខ្វះសុភវិនិច្ឆ័យ ប្រកបដោយភាពអគតិ និងទុទិដ្ឋិនិយម ដើរថយក្រោយ គំនិតផ្ទុយពី វឌ្ឍនភាពសង្គម សាសនា និងវប្បធម៌ ។

សូមអានសេចក្តីថ្លែងការណ៍លម្អិត របស់គណៈសង្ឃនាយកនៃ ព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖