ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរ ក្រសួងប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានអនុញ្ញាតឲ្យ សារមន្ទីរទាំងអស់នៅកម្ពុជា បើកដំណើរការ ឡើងវិញ ចាប់ពីខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះតទៅ ដើម្បីឲ្យភ្ញៀវជាតិ និងអន្ដរជាតិ បានចូលទស្សនាកំសាន្ត។
យោងតាមប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កម្ពុជា មិនមានរកឃើញករណីឆ្លងថ្មីរយៈពេលជាង១ខែ ចំពោះជំងឺកូវីដ១៩ ជាពិសេស កម្ពុជាបានព្យាបាល សះស្បើយ១០០% និងមិនមានករណីស្លាប់ ក៏ពិតមែន តែកម្ពុជាត្រូវប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការ ប្រឈមទៅនឹង ការកើតមានឡើងនូវរលកទីពីរ នៃការចម្លងវិរុស កូវីដ-១៩ ជាពិសេស ការចម្លងនៅក្នុង សហគមន៍ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការ រស់នៅប្រចាំថ្ងៃ របស់ប្រជាជនទូទៅ ដែល ពិបាកធ្វើការប៉ាន់ស្មានបាន។
លោកបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់រលកទីពីរ នៃការចម្លង និងបន្ដចូលរួមការពារហានិភ័យនៃការចម្លងជំងឺ កូវីដ-១៩ ព្រមទាំងកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ត្រូវអនុវត្តគោលការណ៍ណែនាំសំខាន់ៗ ដូចជា ៖
ទី១-រដ្ឋមន្ដ្រីក្រសួងវប្បធម៌ ត្រូវបានអនុញ្ញាតឲ្យបើកសារមន្ទីរដំណើរឡើងវិញ ដើម្បីជូនភ្ញៀវជាតិ និងអន្ដរជាតិបានចូល ទស្សនា ចាប់ពីខែមិថុនា ឆ្នាំ២០២០ ។
ទី២-ក្រសួងសុខាភិបាល ណែនាំជូនដល់ក្រសួងវប្បធម៌ថា មុនពេលបើកដំណើរការ ត្រូវរៀបចំវិធានការការពារនានាឲ្យរូចជាមុន ដើម្បីចៀសវាងនូវ ហានិភ័យនៃការចម្លងវីរុស កូវីដ-១៩ ដូចជា ការស្ដេនកំដៅភ្ញៀវមុនអនុញ្ញាតឲ្យចូលទស្សនា មានប្រើអាលកុល ឬជែលលាងដៃ និងត្រូវរៀបចំឲ្យមានគម្លាតសុវត្ថិភាពបុគ្គល។
ក្នុងនោះ ត្រូវពាក់ម៉ាស់ ហើយត្រូវអនុវត្តឲ្យបានគ្រប់បុគ្គល (ទាំងភ្ញៀវ អ្នកនាំភ្ញៀវ និងអ្នកបម្រើការនៅទី នោះ) និងមិនត្រូវអនុញ្ញាតឲ្យភ្ញៀវ ឬបុគ្គលណាម្នាក់ ដែលមានបញ្ហាសុខភាព ឬសង្ស័យ ចូលទស្សនាសារមន្ទីរឡើយ៕