ក្រសួងសុខាភិបាល ណែនាំដល់ អភិបាលរាជធានី-ខេត្ត ឲ្យបន្តរួមគ្នាការពារ រលកទី២ នៃការចម្លងជំងឺកូវីដ១៩

0

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចេញលិខិតជម្រាបជូន លោក លោកស្រី អភិបាលរាជធានី-ខេត្ត ឲ្យជំរុញការអប់រំសុខភាព ជូនដល់ប្រជាជន និងពង្រឹងការងារតាមដាន ការអនុវត្ដវិធានការការពារ រលកទី២ នៃការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា ។

យោងតាមសារលិខិត របស់ក្រសួងសុខាភិបាល ចុះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះបានឲ្យដឹងថា ការចម្លងនៃវីរុសកូវីដ-១៩ នៅទូទាំងពិភពលោក បានឈានដល់កម្រិតខ្ពស់ណាស់ គឺមានជាង៤.៥លាននាក់ ដែលឆ្លង និងមាន ករណីស្លាប់ជាង៣០ម៉ឺននាក់ បើយោងតាមការវាយតម្លៃហានិភ័យនៃការចម្លង និងរបាយការណ៍ដោយអង្គការសុខភាព ពិភពលោក កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ។

ក្រសួងសុខាភិបាល បានបន្ថែមទៀតថា ស្ថានភាពចម្លងនៅក្នុងតំបន់ ក៏នៅមិនទាន់មានការ ធូរស្បើយដែរ ដោយសារកំណើននៃការចម្លងវីរុស កូវីដ-១៩ និងការស្លាប់ដោយសារជំងឺនេះ នៅតែបន្ត មាននៅឡើយ។

ដូច្នេះ ថ្វីត្បិតតែស្ថានភាពជំងឺវីដ-១៩ នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ មិនមានរកឃើញ ករណីឆ្លងថ្មីជាងមួយខែ អ្នកឈឺបានព្យាបាលជាសះស្បើយ ១០០% និងមិនមានករណីស្លាប់ក៏ពិតមែន ហើយភាគច្រើនលើសលុបសុទ្ធ សឹងជាករណីនាំចូលមកពីក្រៅប្រទេស ក៏ប៉ុន្តែកម្ពុជា ត្រូវតែប្រកាន់យកការប្រុងប្រយ័ត្ន ជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតមានឡើងនូវរលកទីពីរ នៃការចម្លងវីរុសកូវីដ-១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយ សុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មានបាន៕

សូមអានខ្លឹមសារដូចខាងក្រោម៖