ភ្នំពេញ៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថារហូតមកដល់ពេល នេះមានពលករខ្មែរ ត្រឡប់មកពីប្រទេសថៃវិញ ចូលមកតាមច្រកព្រំដែនអន្តរជាតិ អូស្មាច់ និងច្រកជាំ ចំនួន ១៥៥៥៤នាក់ ក្នុងនោះបានយកសំណាក ទៅធ្វើតេស្តរកវីរុសកូវីដ១៩ ចំនួន ២៣៤នាក់ ទទួលលទ្ធផលអវិជ្ជមានចំនួន ២២៧នាក់ និងនៅសល់ ៧នាក់ មិនទាន់ដឹងលទ្ធផលនៅឡើយ ។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី “បច្ចុប្បន្នភាពនិងទិសដៅការងារ បន្តរបស់រដ្ឋបាលខេត្ត ឧត្តរមានជ័យ” លោក ប៉ែន កុសល្យ បានបញ្ជាក់ថា “ស្ថិតិពលកររួមដែលបានឆ្លងដែន ចូលតាមច្រកព្រំដែនអន្តរជាតិអូស្មាច់ និងជាំ សរុបទាំងអស់មានចំនួន ១៥៥៥៤នាក់។ គិតថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានយកសំណាក ទៅធ្វើតេស្ត ២៣៤នាក់ ស្រី១០៩នាក់ លទ្ធផលអវិជ្ជមានចំនួន ២២៧នាក់ ស្រី១០៥នាក់ នៅសល់ ៧នាក់ សំណាកមិនទាន់ទទួលបានលទ្ធផល” ។
លោកអភិបាលខេត្តឲ្យដឹងបន្ថែមថា អ្នកដែលសល់ ៧នាក់ទៀត មិនទាន់ទទួលបានលទ្ធផលនោះ មិនមែនមានន័យថា ពួកគេមានចេញរោគសញ្ញា មិនប្រក្រតីអ្វីមួយនោះទេ ជាក់ស្ដែងខាងខេត្ត មិនទាន់ទទួលបានការឆ្លើយតបពី ខាងវិទ្យាស្ថានប៉ាស្ទ័រវិញនៅឡើយទេ ៕