នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន គាំទ្រយុទ្ធនាការដោះស្រាយ បញ្ហាការកកស្ទះ សំណុំរឿងគ្រឿងញៀន តែមិនត្រូវពុករលួយឡើយ

0

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រកាសគាំទ្រយុទ្ធនាការដោះស្រាយបញ្ហាការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត ជាពិសេសលើសំណុំរឿង បទល្មើសគ្រឿងញៀន ក៏ប៉ុន្តែត្រូវអនុវត្តឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និង មិនពុករលួយ ឡើយ។ នេះបើយោងតាម អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នេះបើតាមការបញ្ជាក់ របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដល់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សាការងារ រវាង ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា ៖ «និយាយជារួម គឺការខិតខំប្រឹងប្រែង ក្នុងការអនុវត្តនូវយុទ្ធនាការ ក្នុងដោះស្រាយបញ្ហា ការកកស្ទះសំណុំរឿង នៅសាលាក្តីគ្រប់ឋានានុក្រម ក្នុងនាមអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី លោកអបអរសាទរ និងចូលរួមគាំទ្រយុទ្ធនាការនេះ ជាមួយយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន ខុសច្បាប់របស់ រាជរដ្ឋាភិបាល គឺមិនដើរបញ្ច្រាសគ្នាទេ គឺគាំទ្រគ្នាទៅវិញទៅមក […] អីចឹងក្នុងការកកស្ទះសំណុំរឿងមួយចំនួន វាពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀន ដូច្នេះ យើងឯកភាពឱ្យលើក យកសំណុំរឿងគ្រឿងញៀន មកពិនិត្យ និងពិចារណា ប៉ុន្តែត្រូវអនុវត្តឱ្យលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ»។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្តថា ការប្រកាសឱ្យអនុវត្ត យុទ្ធនាការដោះស្រាយបញ្ហា ការកកស្ទះសំណុំរឿង នៅសាលាដំបូងរាជធានី-ខេត្ត របស់ក្រសួងយុត្តិធម៌ គឺមិនដើរបញ្ច្រាស ក្នុងការអនុវត្តយុទ្ធនាការផ្សេងៗ ទៀតទេ ជាពិសេស គឺយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ របស់រាជរដ្ឋាភិបាល។ ប៉ុន្តែផ្ទុយទៅវិញ គឺខិតខំលើកកម្ពស់ ការអនុវត្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ និងយុទ្ធនាការដោះស្រាយ ការការកកស្ទះសំណុំរឿង នៅសាលាដំបូងរា ជធានី-ខេត្ត ឱ្យដើរទន្ទឹមគ្នាផងដែរ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានឱ្យដឹងថា ពាក់ព័ន្ធនឹងការលើកឡើង លើសំណុំរឿង បទល្មើសគ្រឿងញៀន រួមមាន៖ បទល្មើសប្រើប្រាស់គ្រឿងញៀន ដែលត្រូវបានចោទប្រកាន់តាមមាត្រា ៤៥ និងមាត្រា៥៣ ជាមួយនឹងសំណុំរឿង ដែលត្រូវផ្តន្ទាទោសមជ្ឈឹម នឹងត្រូវលើកយកពិចារណា ក៏ប៉ុន្តែការពិចារណានេះ គឺស្ថិតនៅក្នុងកម្រិតមួយ ដោយវិភាគទៅលើអង្គសេចក្តី ប្រសិនបើបញ្ហានោះ ធ្វើឱ្យមានផលប៉ះពាល់ ទៅដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម គឺអាជ្ញាធរនឹងមិនលើកយក មកពិចារណានោះទេ។ ដូច្នេះយុទ្ធនាការនេះ មិនមែនជាយុទ្ធនាការដោះលែង អ្នកទោសនោះដែរ ក៏ប៉ុន្តែទាំងនេះ គឺជាការដោះស្រាយ ដើម្បីសុវត្ថិភាពសង្គម និងសុខមាលភាព របស់មនុស្សតែប៉ុណ្ណោះ។

ក្នុងជំនួបនាពេលនេះដែរ លោក កើត រិទ្ធ ក៏បានបញ្ជាក់ជូន ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ឱ្យដឹងថា ក្រសួងបានបែងចែក ក្រុមការងារជា៤តំបន់ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្រុមការងារសម្រាប់ដោះស្រាយការកកស្ទះសំណុំរឿងនេះ រួមមាន៖

ទី១ ៖លោក គឹម សន្តិភាព ទទួលខុសត្រូវរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រៃវែង និងខេត្តស្វាយរៀងដែលមានសំណុំរឿងច្រើនជាងគេ,
ទី២៖ លោក ឡុង ណារិន្ទ ដែលទទួលបន្ទុកតំបន់សាលាឧទ្ធរណ៍ ខេត្តត្បូងឃ្មុំ,
ទី៣៖ លោក ជីវ សុងហាក់ ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង បូករួមខេត្តកំពង់ឆ្នាំង
និងទី៤៖ លោក ជិន ម៉ាលីន ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ រួមទាំងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ បន្ថែមពីនេះ ក្រុមការងារទាំង៤នេះ មានលេខាធិការដ្ឋានមួយ សម្រាប់ជួយដល់ផ្នែករដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ។

លោក កើត រិទ្ធ ក៏បានណែនាំដល់ចៅក្រម ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ នៅក្នុងពេលយុទ្ធនការដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានលឿន ត្រឹមត្រូវ យុត្តិធម៌ និងមិនពុករលួយ។

គួរជម្រាបថា រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការ នៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿង គ្រឿងញៀនមានចំនួន ៦,៩០០នាក់) ៕