ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ បានអនុញ្ញាតឲ្យលោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា (JOSELJ ZUNIGA ) អនុព័ន្ធយោធាហ្វីលីពីន ដែលទើបបញ្ចប់អាណត្តិ បេសកកម្មការទូតនៅកម្ពុជា បានចូលជួបសម្តែងការគួរសម និង ជម្រាបលា។
យោងតាមអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទបានឲ្យដឹងថាក្នុងជំនួបដែលបាន ធ្វើឡើងនៅអគ្គបញ្ជាកាដ្ឋាន នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មកាទូតរបស់លោកវរសេនីឯក ជូស៊ែល ជេ ហ្សូនីហ្គា ដែលធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិ រវាងកងទ័ពប្រទេសទាំងពីរ (កម្ពុជា-ហ្វីលីពីន) មានភាពល្អប្រសើរ ជាពិសេសក្នុងវិស័យការផ្លាស់ប្ដូរពត៌មាន ការជួយហ្វឹកហ្វឺនដល់ នាយទាហានជាន់ខ្ពស់កម្ពុជា។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានចូលរួមមរណទុក្ខ និងសោកស្ដាយបំផុតចំពោះ ការបាត់បង់អាយុជីវិត របស់ប្រជាជនហ្វីលីពីនដោយសារ ការរាតត្បាតជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងមួយផ្នែកដោយសារ ជួបគ្រោះធម្មជាតិខ្យល់ព្យុះ នៅលើកោះ។
ពាក់ព័ន្ធដល់ស្ថានភាពនៅកម្ពុជា នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក៍បានលើកឡើងពីការ រាតត្បាតនៃជំងឺកូវីដ១៩ ដែលបានឆ្លងទៅប្រជាពលរដ្ឋកម្ពុជា សរុប ១២២នាក់ ប៉ុន្តែអាស្រ័យដោយមានការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមត្ថភាពក្រុមជំនាញសុខាភិបាល ការចូលរួមពីមន្រ្តីរាជការ ប្រជាពលរដ្ឋ និងការជួយឧបត្ថម្ភរបស់ បណ្ដាប្រទេសជាមិត្ត កម្ពុជាបានទប់ទល់ការរាតត្បាត និងព្យាបាលជំងឺនេះឲ្យ ជាសះស្បើយអស់ជាស្ថាពរ ។
ជាកិច្ចឆ្លើយតប លោកវរសេនីយ៍ឯក ជូស៊ែល ជេ ហ្សូនីហ្គា បានជម្រាបជូននាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ អំពីកិច្ចការដែលលោកសម្រេច បានក្នុងបេសកកម្មកាទូត នៅកម្ពុជាកន្លងមក ក្នុងនោះជោគជ័យធំបំផុត គឺការចុះអនុស្សរណៈយោគយល់រវាងក្រសួងការពារជាតិប្រទេស ទាំងពីរនាអំឡុងឆ្នាំ២០១៦ ដែលជាការត្រួសត្រាយផ្លូវដល់ការ ពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ មានភាពល្អប្រសើរ៕