ភ្នំពេញ៖ សម្តេច នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់ អាស្រ័យដល់ព្រះតេជគុណ ឡុង ចន្ថា ទៀតនោះឡើយ និងត្រូវសហការជាមួយអាជ្ញាធរចាត់វិធានការឱ្យ លាចាកសិក្ខាបទតាមកិច្ចសន្យា។
នៅក្នុងសង្ឃលិខិតប្រគេន ទៅព្រះមេគណទាំង ២៥រាជធានី-ខេត្តនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ សម្តេច នន្ទ ង៉ែត បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើង បន្ទាប់ពីព្រះតេជគុណ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យា ក្នុងការលាចាកសិក្ខាបទដែលបានធ្វើជាមួយ សាលាគណខេត្តតាកែវ ក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យ នាពេលកន្លងទៅ។
សម្តេចព្រះសង្ឃនាយក បានចាត់ទុកការមិនធ្វើតាមសន្យារបស់ព្រះតេជគុណ ឡុង ចន្ថា ជាកាយវិការមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាកាយវិកាប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ដែលពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិត ក្នុងព្រះពុទ្ធសាសនាបន្តទៀតបានឡើយ។
ទាក់ទិនករណីនេះនៅថ្ងៃទី១៤ ខែឧសភា ភិក្ខុ ឡុង ចន្ថា បានបង្ហោះលិខិតមួយ មានទាំងស្នាមមេដៃផង លើបណ្តាញសង្គមហ្វេសបុក យ៉ាងដូ្នច្នេះថា ៖»សូមថ្វាយបង្គំសម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ដោយក្តីគោរពខ្ពង់ខ្ពស់ និងសូមចំរើនពរញាតិញោម ពុទ្ធបរិស័ទជាទីស្រលាញ់ ដោយនិស្ស័យព្រះផ្នួស របស់ខ្ញុំព្រះករុណា អាត្មាភាពមិនទាន់អស់និស្ស័យ នៅឡើយនោះ ទូលព្រះបង្គំ ទទួលកំហុស និងប្រព្រឹត្តអោយបានល្អតាម ព្រះវិន័យអោយបានប្រសើរឡើងវិញ ។ អាស្រ័យដូចបានទូលថ្វាយ និងចំរើនខាងលើនេះ សូមសម្តេច និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់។»
សូមរំលឹកថាកាលពីថ្ងៃ ទី ៤ ខែឧសភា សម្តេច នន្ទ ង៉ែត សម្តេចគណៈសង្ឃនាយក បានស្នើ ឲ្យមេគណខេត្តតាកែវ និមន្តភិក្ខុសង្ឃ ឡុង ចន្ថា ដែលគង់នៅ វត្ត ភ្នំបុរី ឃុំព្រែកផ្ទោល ចូលទៅ ដោះស្រាយ ក្នុងរឿងអាស្រូវដែលផ្ទុះ ឡើងនេះ ។ ក្រោយឆ្លងកាត់ ការដោះស្រាយជាមួយគ្នា សង្ឃ ឡុង ចន្ថា ក៏សរសេរកិច្ចសន្យា ពីការសុខចិត្ត លាចាកសិក្ខាបទ ( សឹក ) ដោយខ្លួនឯង ៕