ក្រសួងសាធារណការ ស្នើក្រសួង ស្ថាប័ន អង្គការ បណ្ដាស្ថានទូតឲ្យមកប្តូរបណ្ណ និងផ្លាកលេខយានជំនិះថ្មី 

0

ភ្នំពេញ៖ ក្រសួងសាធាណការ និងដឹកជញ្ជូន បានស្នើដល់ក្រសួងស្ថាប័នរបស់រដ្ឋ ក៏ដូចជាអង្គការរជាតិ-អន្តរជាតិ ស្ថានទូត និងប្រធានបេសកកម្មអង្គការសហប្រជាជាតិនៅកម្ពុជា ឥ្យមកប្តូរបណ្ណសម្គាល់យានជំនិះ និងផ្លាកលេខសម្គាល់ យានជំនិះថ្មី ស្របតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសថ្មី របស់ក្រសួងស្តីពី ការផ្លាស់ប្តូរ ផ្លាកលេខសម្គាល់ យានជំនិះ ឱ្យបានមុនថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០១៩ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យមួយស្តីពី «ការចុះបញ្ជីផ្តល់បណ្ណ សម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខយានជំនិះ» ហើយខែមេសា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានចេញសេចក្តីប្រកាសមួយស្តីពី «ការកំណត់ប្រភេទលេខ សម្គាល់យានជំនិះ ជាសម្បត្តិរដ្ឋ របស់ក្រសួង ស្ថាប័ន» ផងដែរ។

ការចេញអនុក្រឹត្យ និងប្រកាសនេះ ក្នុងគោលបំណងគ្រប់គ្រងយានជំនិះជាសម្បត្តិរដ្ឋរបស់ក្រសួង ស្ថាប័ននានា ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព និងសិទ្ធិជាកម្មសិទ្ធិលើយានជំនិះរបស់ក្រសួង ស្ថាប័ន ជាពិសេសដើម្បីបង្កភាពងាយស្រួលក្នុងការគ្រប់គ្រងផ្លាកលេខសម្គាល់យានជំនិះ។

ក្នុងសេចក្តីប្រកាសបន្ថែមថា យោងលើហេតុផលនេះ រាជរដ្ឋាភិបាលបានសម្រេចកែសម្រួល និងកំណត់លេខកូដសម្គាល់ផ្លាកលេខរបស់ក្រសួង ស្ថាប័នមួយចំនួនជាថ្មី តាមលំដាប់លេខកូដសម្គាល់ចាប់ពីរដ្ឋ០១ ដល់រដ្ឋ៣៦៕