ភ្នំពេញ៖ លោក ផាក ទ្រីតម៉ាហ្វី (W Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានសន្យាជំរុញ ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួន ឲ្យមកពិភាក្សាដោយផ្ទាល់ ជាមួយក្រុមហ៊ុន វិនិយោគ អាកាសយានដ្ឋានកម្ពុជា។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល។
ក្នុងជំនួបពិភាក្សាការងារ ជាមួយ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នៅល្ងាច ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក Murphy បានលើកលើកឡើង នូវការវិវត្ត វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា ជាពិសេសក្នុងអំឡុងពេល Covid-19 ការសងសង់ អាកាសយានដ្ឋានអន្តរជាតិ និងមានការប្រើប្រាស់ ប្រភេទអាកាសយាន Boeing នៅក្នុងប្រទេសកម្ពុជា ការផ្តល់សច្ចាប័ន នៃការអនុវត្តអនុសញ្ញា Cape Town Convention ដែលជាប្រយោជន៍ សម្រាប់ហិរញ្ញប្បទាន ក្នុងការជួលអាកាសយាន ព្រមទាំងកិច្ចព្រមព្រៀងផ្លូវអាកាសរវាងកម្ពុជានិងអាមេរិក។
ជាមួយគ្នានេះលោកទូត ក៏បានជំរុញឱ្យ រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ពិនិត្យថាតើគួរមានការប្រើប្រាស់ប្រភេទអាកាសយានBoeingនៅក្នុងប្រទេសកម្ពុជាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យអាកាសចរណ៍ រវាងប្រទេសទាំងពីរ សហរដ្ឋអាមេរិក និងកម្ពុជានាពេលអនាគត។
ជាកាឆ្លើយតប លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ចំពោះការចង់ឱ្យមានការប្រើប្រាស់ ប្រភេទអាកាសយានប៊ូអ៊ីង នៅកម្ពជា លោកសូមស្វាគមន៍ និងសូមឱ្យក្រុមហ៊ុន Boeing មកសហការ និងធ្វើបទបង្ហាញដល់អ្នកប្រើប្រាស់ ហើយលោកផ្ទាល់ក៏ពេញចិត្ត ធ្វើដំណើរតាមប្រភេទ យន្តហោះ Boeing ដែរជាពិសេសប្រភេទយន្តហោះ B777 ដែលផ្តល់ផាសុកភាព ក្នុងការធ្វើដំណើរ។
លោកបានថ្លែងថា ក្នុងរយៈពេលចុងក្រោយនេះ វិស័យអាកាសចរណ៍ស៊ីវិល កម្ពុជា មានការីកចម្រើនគួរឱ្យកត់សម្គាល់ រហូតដល់មានក្រុមហ៊ុន អាកាសចរណ៍ ដែលបានបង្កើតឡើង នៅកម្ពជាមានចំនួន៨ ប៉ុន្តែដោយសារវិបត្តិ ជំងឺរាតត្បាត ជាសកល Covid-19 កម្ពុជាក៏ដូចជាប្រទេសជាច្រើន លើពិភពលោក ដែលត្រូវបានផ្អាក ក្នុងគោលបំណងទប់ស្កាត់ជំងឺនេះ។ ប៉ុន្តែកម្ពុជានៅមានប្រតិបត្តិការខ្លះៗ ជាធម្មតា ដូចជាការបំពេញ ភាពជាមនុស្សធម៌ ដឹកអ្នកដំណើរអាមេរិក និងជាតិសាសន៍ផ្សេងៗ ទៀតពីកប៉ាល់វេសដាំ និងទំនិញជាដើម។
លោកបន្ដថា ចំពោះការសាងសង់អាកាសយានដ្ឋានថ្មី គឺដោយសារទី១ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញមានលក្ខណៈតូចចង្អៀត និងមានទីតាំងមិនអំណោយផល ពោលគឺនៅកៀកក្រុងពេក ហើយព្រលាន ត្រូវវិនិយោគ ដោយក្រុមហ៊ុនកូនខ្មែរក្នុងស្រុក។ ទី២ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ក៏មានលក្ខណៈតូចចង្អៀតដែរ ជាពិសេសស្ថិត នៅជិតអង្គរវត្ត ដែលមានការការពារពី អង្គការ UNESCO ហើយអាកាសយានដ្ឋាននេះ វិនិយោគដោយក្រុមហ៊ុនយូណាន មកពីប្រទេសចិន។ អាកាសយានដ្ឋាន អន្តរជាតិខេត្តព្រះសីហនុ គឺទុកលទ្ធភាព ជូនក្រុមហ៊ុន SCA/VINCI ធ្វើការវិនិយោគពង្រីក បន្ថែមកម្រិតថ្នាក់4E ហើយនឹងបញ្ចប់ នៅខែតុលា ឆ្នាំ២០២២ ខាងមុខ។
លោករដ្ឋមន្រ្ដី ក៏មិនជំទាស់ចំពោះ សំណើគិតគូរអនុសញ្ញាខេបថោន Cap Town Convention តែលោកក៏ស្នើឱ្យលោក ផាក ទ្រីតម៉ាហ្វី (W Patrick Murphy) ផ្តល់អ្នកប្រឹក្សា និងជំនួយបច្ចេកទេស ក្នុងដំណើរការនេះ។
ដោយឡែកចំពោះ កិច្ចព្រមព្រៀងសេវាកម្មដឹក ជញ្ជូនតាមផ្លូវអាកាសវិញ គឺរហូតមកទល់ពេលនេះកម្ពុជា បានចុះហត្ថលេខាទាំងទ្វេភាគី និងពហុភាគីបានចំនួន៤៤ ប្រទេសហើយ ក្នុងនោះជាមួយអាស៊ានមានចំនួន៦ កិច្ចព្រមព្រៀងពហុភាគី។ ជាមួយសហរដ្ឋអាមេរិក ភាគីទាំងពីរ បានជួយពិភាក្សាគ្នាតាំងពី ឆ្នាំ២០១៤មក ហើយក៏មានចំណុចឯកភាពគ្នាច្រើន លើកលែងតែពាក្យនិយមន័យ ទឹកដី និងការស្នើសុំ ធ្វើសេវាកម្មផ្ទៃដី ដោយភាគីអាមេរិកផ្ទាល់ខ្លួនឯង។
ចំណុចនេះលោកនឹងពិនិត្យពន្លឿន ហើយសេវាកម្មផ្ទៃដី គួរក្រុមហ៊ុនអាមេរិក មកធ្វើការពិភាក្សាផ្ទាល់ ជាមួយក្រុមហ៊ុនវិនិយោគ អាកាសយានដ្ឋាន BOT អាកាសចរណ៍ស៊ីវិល ចាំតែជួយសម្របសម្រួលជូន ៕