លោក ខៀវ កាញារីទ្ធ ណែនាំអ្នកសារព័ត៌មាន កុំឲ្យធ្វើបែប នេះ

0

ភ្នំពេញ៖រដ្ឋមន្រ្តី ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ  បានណែនាំដល់ អ្នកសារព័ត៌មាន មិនគួរទៅសំភាសន៍ សមត្ថកិច្ច នៅពេលដែល កំពុងរវល់ បំពេញភារៈកិច្ចនោះទេ ព្រោះធ្វើឲ្យប៉ះពាល់ដល់ការងាររបស់សមត្ថកិច្ច។នេះបើយោងតាមAKP

ក្នុងកិច្ចប្រជុំសាមញ្ញ ប្រចាំសបា្តហ៍ របស់ថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានអោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវធ្វើការរំលឹកដល់អ្នកសារព័ត៌មានមួយចំនួន ពិសេសតាមអនឡាញ ដែលតែងតែទៅសំភាសន៍សមត្ថកិច្ច នៅពេលដែលកំពុងតែរវល់បំពេញ កិច្ចការងារអ្វីមួយដែលកើតមានឡើងភ្លាមៗហើយអ្នកសារព័ត៌មានទាំងនោះបានយកក្បាលមេក្រូទៅតាមសំភាសន៍ក្នុងពេលដែលរឿងនោះស្ថិតក្នុងការតាមដាននៅឡើយដែលជាចំណុចមួយខុសទាំងស្រុងពីក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន

លោកបន្តថា កិច្ចការងាររបស់សមត្ថកិច្ច និងមន្រ្តី គឺត្រូវធ្វើការងារនោះអោយបានចប់រួចរាល់ជាមុនសិន ទើបអោយអ្នកជំនាញ ឬមន្រ្តីនាំពាក្យណាមួយជាអ្នកឆ្លើយ ថាតើរឿងទាំងនោះកើតឡើងដោយសារអ្វី? ហើយអ្នកសារព័ត៌មាន ក៏ត្រូវយល់ដែរថា កុំអាងខ្លួនជាអ្នកកាសែតមានសិទ្ធិសួរគ្រប់ពេលនោះ។

ក្នុងឱកាសនោះដែរ លោក ក៏បានជំរុញដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងត្រូវពង្រឹង សាមគ្គីភាពអោយបានរឹងមាំមានទំនាក់ទំនងល្អជាមួយក្រសួងស្ថាប័នទាំងអស់ពិសេសស្ថាប័នព័ត៌មានរបស់ជាតិ ត្រូវតែផ្សាយតែអ្វីដែលពិត ច្បាស់លាស់ ដើម្បីរួមគ្នាបន្សាបនូវព័ត៌មានក្លែងក្លាយ

ទន្ទឹមនឹងនេះលោក ខៀវ កាញារីទ្ធ ក៏បានបញ្ជាក់ពីការអនុញ្ញាតអោយមានការចាក់ផ្សាយឡើងវិញ នូវព័ត៌មានវិទ្យុសំលេងសហរដ្ឋអាមេរិក VOA នៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុក្នុងស្រុកចំនួន៣ រួមមាន ស្ថានីយ៍វិទ្យុ FM 102 មេហ្គាហឺត វិទ្យុសំបុកឃ្មុំFM105 មេហ្គាហឺត និងវិទ្យុមណ្ឌលព័ត៌មានស្រ្តីកម្ពុជា FM 103 មេហ្គាហឺត៕