ភ្នំពេញ ៖ រដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងរយៈពេលរដូវបិទនេសាទ ប្រជាពលរដ្ឋ អាចប្រើប្រាស់តែឧបករណ៍ នេសាទលក្ខណៈគ្រួសារ ដើម្បីចូលរួមចំណែកថែរក្សា និងការពារធន ធានជលផលឲ្យ បានគង់វង្ស ខណៈរដ្ឋបាលជលផល នឹងផ្ដើមបិទនេសាទ ជាដំណាក់កាលៗ ចាប់ពីខែក្រោយទៅ។
យោងតាមសេចក្ដីជូន ដំណឹងរបស់ រដ្ឋបាលជលផល ស្ដីពី រដូវបិទនេសាទ ឆ្នាំ២០២០ ចេញផ្សាយនាពេលថ្មីៗនេះថា រដូវបិទនេសាទ សម្រាប់ការនេសាទ នៅក្នុងដែននេសាទ ទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម ៖
ទី១-ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាបដែលស្ថិត នៅខាងជើងខ្សែស្របទន្លេចតុមុខ ដែលរួមមាន ៖ ខេត្ដទាំងអស់ជុំវិញបឹងទន្លេសាប និងបណ្ដា ខេត្តកំពង់ចាម ត្បូងឃុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ និងរាជធា នីភ្នំពេញ និងខេត្តកណ្ដាល ផ្នែកខាងជើងចតុមុខ។
ទី២-ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ចំពោះដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្រប ទន្លេចតុមុខ ដែលរួមមាន ៖ រាជធានីភ្នំពេញផ្នែកខាងត្បូងចតុមុខ ខេត្តកណ្ដាល ព្រៃវែង តាកែវ កំពង់ស្ពឺ និងខេត្តស្វាយរៀង។
ទី៣-នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់ត្រូវប្រើប្រាស់តែឧបករណ៍ នេសាទគ្រួសារ ដែលមានចែងក្នុងប្រកាស លេខខ៤៥៨ ប្រក.កសក។ចំពោះឧបករណ៍ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិនអនុញ្ញាតឲ្យប្រើឡើយ ក្នុងរដូវបិទនេសាទនេះ ដោយឡែក ឧបករណ៍ មងអាច ធ្វើនេសាទបានតែប្រវែង ១០០ម៉ែត្រ ប៉ុណ្ណោះ។
រដ្ឋបាលជលផល សង្ឃឹមថា សាធារណជន និងអ្នកនេសាទទាំងអស់ នឹងអនុវត្តតាមសេចក្ដីជូ នដំណឹងនេះ ដើម្បីចូលរួមចំណែកថែរក្សា និងការពារធនធាន ជលផល ឲ្យបានគង់វង្ស សម្រាប់ប្រជាពលរដ្ឋខ្មែរ ជំនាន់ក្រោយៗទៀត៕