ភ្នំពេញ៖ មន្ត្រីឧទ្យានុរក្ស ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៨នាក់ ករណីលួចកាប់គាស់ រំលើងរុករានទន្ទ្រានដីព្រៃ ធ្វើកម្មសិទ្ធិ នៅចំណុចពន្លឺពេជ្រ ក្នុងភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
យោងតាមហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ បានចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិនៅទីតាំងចំនួន ០២ រួមមាន នៅចំណុចពន្លឺពេជ្រ ក្នុងភូមិសាស្ត្រឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ប្រទះឃើញករណីជនសង្ស័យ ០៦នាក់ លួចកាប់គាស់រំលើង រុករានទន្ទ្រានដីព្រៃ ធ្វើកម្មសិទ្ធិ ទំហំប្រមាណ ០៤ហិកតា ពេលនោះក្រុមការងារ បានធ្វើការឃាត់ ជនសង្ស័យទាំង ០៦នាក់នេះ និងដកហូតវត្ថុតាង មួយចំនួនរួមមាន ម៉ូតូ ០៥គ្រឿង កាំបិតផ្គាក់ ០៦ដើម ពូថៅ ០២ដើម អាវុធកែច្នៃ ០១ដើម រណាយន្ត ០១គ្រឿង និងទូរស័ព្ទ ០៣គ្រឿង និងនៅទីតាំងមួយផ្សេងទៀតនៃចំណុចពន្លឺពេជ្រ ក្នុងទីតាំងភូមិសាស្រ្តដដែល ប្រទះឃើញករណីជនសង្ស័យ ០២នាក់ កំពុងកាប់គាស់រំលើង រុករានទន្ទ្រានដីព្រៃ ធ្វើកម្មសិទ្ធិ ពេលនោះក្រុមការងារបានធ្វើការ ឃាត់ជនសង្ស័យទាំង ០២នាក់ និងដកហូតវត្ថុតាង មួយចំនួនរួមមាន ម៉ូតូ ០១គ្រឿង កាំបិតផ្គាក់ ០២ ដើម ពូថៅ ០១ កាំបិតកៃ ០១ដើម និងចប០១ដើម។បច្ចុប្បន្នមន្ត្រីឧទ្យានុរក្ស កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំងអស់ ខាងលើទៅអយ្យការ សាលាដំបូងខេត្តក្រចេះ ៕