ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណចក្រកម្ពុជា បានព្រមានសមាជិក សមាជិការ នៃឧត្តមក្រុមប្រឹក្សារពិគ្រោះ និងផ្តល់យោបល់ កុំឲ្យធ្វើរឿងទាំង ៤យ៉ាង ដែលពាក់ព័ន្ធជាមួយ បញ្ហាដីធ្លី ។
សម្តេចជោនាយករដ្ឋមន្ត្រី ក៏បានប្រាប់ទៅសមាជិក ឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ផងដែរថា មិនត្រូវបញ្ជូនសំណុំរឿង វិវាទដីធ្លីរវាងបុគ្គល និងបុគ្គល ជូនមកសម្ដេច ដើម្បីធ្វើការដោះស្រាយទៀតឡើយ ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៥ ឧសភា បានឲ្យដឹងថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកំណត់ឲ្យលេខាធិការដ្ឋាន និងសមាជិក សមាជិកានៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ត្រូវបំពេញភារកិច្ចដូចខាងក្រោម៖
ក.មិនអនុញ្ញាតឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយណាដែល សម្តេចអគ្កមហាសេនា បតីតេជោនាយករដ្ឋមន្ត្រី បានដោះស្រាយបញ្ចប់ និងមានសេចក្តីជូនដំណឹង របស់ទីស្តីការគណៈរដ្ឋមន្ត្រី(សជណ)រួចហើយនោះទេ។
ខ.មិនអនុញ្ញាតឲ្យដោះស្រាយ ទំនាស់ដីធ្លីដែលកំពុងដំណើការ តាមនីតិវិធីរបស់តុលាការ។
គ.មិនអនុញ្ញាតឲ្យចុះដោះស្រាយ រាល់ទំនាស់ទាំងឡាយ ដែលបានដោះស្រាយបញ្ចប់ ដោយស្ថាប័នតុលាការ ដែលមានសាលក្រម ឬសាលដីការស្ថាពររួចហើយ។
ឃ.លេខាធិការដ្ឋាននៃ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវពិនិត្យគោលដៅ និងកម្មវត្ថុដែលសមាជិក និងសមាជិកានៃឧត្តមក្រុមប្រឹក្សា ពិគ្រោះផ្តល់យោបល់ បម្រុងចុះទៅដោះស្រាយ ដោយមិនត្រូវចេញលិខិតបេសកកម្មជូនក្នុងករណណីដូចបានរៀបរាប់នៅក្នុងចំណុច «ក» «ខ» និងចំណុច «គ» ខាងលើឡើយ ៕