ភ្នំពេញ៖ ក្រោយទទួលបានលទ្ធផល ដ៏ត្រចះត្រចង់ ចំពោះការព្យាបាលអ្នកជំងឺទាំង ១២២នាក់ ជាសះស្បើយអស់រួចមក ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសផ្អាកការធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ និងការចេញផ្សាយសេចក្តីជូនព័ត៌មានប្រចាំថ្ងៃ ស្តីពីបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន ។
យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ឧសភានេះ បាននឲ្យដឹងថា ការចេញផ្សាយសេចក្តីជូនព័ត៌មានប្រចាំថ្ងៃ និងការធ្វើសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ ត្រូវបានផ្អាកធ្វើជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២០ តទៅ។
ក្រសួងសុខាភិបាលបន្ថែមថា នៅពេលខាងមុខនេះ ប្រសិនបើមានរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី ឬការវិវឌ្ឍថ្មីពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ក្រសួងនឹងជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបជាមិនខានឡើយ។
ក្រសួងកូសបញ្ជាក់ថា ការផ្អាកជូនព័ត៌មាន និងការផ្អាកធ្វើសន្និសីទសារព័ត៌មាននេះ មិនមែនមានន័យថា ពីការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជាត្រូវបានបញ្ចប់ ជាស្ថាពរនោះឡើយ ដែលតោងឲយមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាប់ជានិច្ច។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៦ ឧសភានេះ អ្នកជំងឺកូវីដ១៩ នៅកម្ពុជា សរុបទាំង ១២២នាក់ បានជាសះស្បើយទាំងអស់ ១០០% បន្ទាប់ពីអ្នកជំងឺចុងក្រោយគេ បានជាសះស្បើយ ៕