ភ្នំពេញ៖ ឆ្លើយតបនឹងមតិខ្លះ ដែលសុំឲ្យមាន ការពន្យាឬក៏ផ្អាកការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកសម្ដេច ស ខេងឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រតិកម្មថាការពន្យា ឬក៏ផ្អាកការរឹតបន្តឹង ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវ គោកនេះ គឺប្រៀបបាននឹងការបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋខ្មែរយើង នៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិត កាន់តែច្រើនឡើងៗថែមទៀត ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។
សម្ដេច ស ខេង បានសរសេរលើ គេហទំព័រហ្វេសប៊ុកថា «ខ្ញុំសូមជម្រាប បញ្ជាក់ ជូនបង ប្អូនជនរួមជាតិមេត្តាជ្រាបថាតាមលទ្ធផលជាវិជ្ជមាន ខាងលើនេះ បានបង្ហាញថា ការពន្យាឬក៏ផ្អាកការរឹតបន្តឹង ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវ គោកនេះ គឺប្រៀបបាននឹង ការបណ្តែតបណ្តោយឲ្យប្រជាពលរដ្ឋខ្មែរយើងនៅតែបន្ត រងរបួស និងស្លាប់បាត់បង់ជីវិតកាន់តែច្រើនឡើងៗថែមទៀតដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលជាការកើតឡើង ៊នូវសោកនាដកម្ម ទាំងចំពោះគ្រួសារ និងសង្គមជាតិយើង»។
សម្ដេចបន្ថែមថា ទោះជាយ៉ាងណាក៏ដោយដើម្បីកាត់បន្ថយ ឬក៏លប់បំបាត់ឲ្យបាននូវ បាតុភាពអវិជ្ជមានផ្សេងៗក្នុងយុទ្ធនាការ ការរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនេះ សម្ដេច ក្រើនរំលឹកថែមទៀតដល់កងកម្លាំងមានសមត្ថកិច្ចក៏ដូចជាមន្ត្រីពាក់ព័ន្ធ ទាំងអស់ដែលបានចូលរួម អនុវត្តភារកិច្ចរបស់ខ្លួន ត្រូវតែបន្តការគោរពក្រមសីលធម៌វិជ្ជាជីវៈនិងវិន័យឲ្យបានខ្ជាប់ខ្ជួនក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ ក្នុងរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី១–១៤ខែឧសភា ឆ្នាំ២០២០ គ្រោះថ្នាក់ចរាចរណ៍មានការ ថយចុះ បន្ទាប់ពី រឹតបន្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
សម្ដេច ស ខេងបន្ថែមថា «ថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពី លទ្ធផល ជាវិជ្ជមាន ប្រកបដោយនិន្នាការដ៏ល្អចំពោះការរឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោក ដែលធ្វើឲ្យអត្រាអ្នកស្លាប់ អ្នករងរបួស និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ២សប្តាហ៍ក្នុងខែឧសភាឆ្នាំ២០២០ មានការថយចុះគួរកត់សម្គាល់បើប្រៀបធៀបនឹងពេលមុនមានការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះ»។
សម្ដេចបន្ដថា ទិន្នន័យជាផ្លូវការបានបញ្ជាក់ថា ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុង រយៈពេល១៤ ថ្ងៃគឺតពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២០ បើប្រៀបធៀប ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ដូចគ្នាគឺចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ២៦លើក អ្នករងរបួសថយចុះ៨១នាក់និងអ្នកស្លាប់ថយចុះ៤នាក់ ។
សម្ដេចបន្ថែមថា ចំនួននេះបើប្រៀបធៀបពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩វិញ មានការថយចុះកាន់តែច្រើនដូចជាគ្រោះថ្នាក់ចរាចរណ៍ថយចុះ៦៨លើក អ្នករងរបួសថយ ចុះ៩១ នាក់ និងអ្នកស្លាប់ថយចុះ២០នាក់ ដែលនេះគឺបានបង្ហាញយ៉ាង ច្បាស់ថាប្រជាពលរដ្ឋយើងពិតជាមានការយល់ដឹង និងបានចូលរួមគោរពច្បាប់ ចរាចរណ៍កាន់តែច្រើន ។
សម្ដេចបន្ថែមថា «ជាថ្មីម្តងទៀតខ្ញុំសូម ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ផ្លូវថ្នល់ដែលបានចូលរួមគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកយ៉ាងខ្ជាប់ខ្ជួន និងអរគុណដល់កងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបាន អនុវត្តភារកិច្ច របស់ខ្លួនបានល្អប្រសើរ»។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេងថ្លែងអំណរគុណចំពោះគ្រប់បណ្តាញសារព័ត៌មាន អង្គការក្រៅរដ្ឋាភិបាល និង អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមផ្សព្វផ្សាយ និង អប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនេះជូនប្រជាពលរដ្ឋផងដែរ៕