ភ្នំពេញ ៖ទោះបីជាមាន សំណើរសុំបើក ដំណើរការសាលារៀន ឡើងវិញជាបន្តបន្ទាប់ពីម្ចាស់គ្រឹះស្ថានសិក្សាយ៉ាងណាក្ដី ក៏សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបញ្ជាក់ថា កម្ពុជាមិនទាន់អាច បើកសាលារៀនវិញឡើងវិញឡើយ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ–១៩។
សូជម្រាបថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ក្រសួងសុខាភិបាកម្ពុជា បានព្យាបាល អ្នកជំងឺ កូវីដ–១៩ ជាសះស្បើយ ដែលកើតមានឡើងនៅកម្ពុជា ចំនួន១២១នាក់ ហើយអ្នក កំពុងសម្រាកព្យាបាលជំងឺ មានម្នាក់ ខណៈចំនួនអ្នកឆ្លងសរុបទាំង នៅកម្ពុជា មានចំនួន ១២២នាក់។
ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី នៅថ្ងៃទី១៥ ឧសភា នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ការស្នើសុំណាមួយទាក់ទងការបើកសាលារៀន គឺមិនគួរ ត្រូវប្រញាប់ប្រញាលក្នុងការធ្វើទេ ។ ខ្ញុំបានយល់ព្រមការងារនេះជាមួយ ឯកឧត្តម ហង់ ជូនណារុន ដើម្បីពន្យាការបើកសាលា ធ្វើយ៉ាងម៉េចឲ្យជីវិតមនុស្សរស់បានគង់វង្សសិន ប្រសិន បើវាចូលក្នុងសាលា ស្មើនឹងចូលទៅកាន់សហគមន៍ ហើយជាក្រុមងាយគ្រោះបំផុត»។
ទាក់ទិនបញ្ហានេះ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានផ្ញើលិខិតមួយច្បាប់ជូនសម្ដេចតេជោ ហ៊ុន សែនប្រមុខរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១២ឧសភាករណីបើកគ្រឹះស្ថានសិក្សាឡើងវិញ។ នៅក្នុងលិខិតនោះ លោក ហង់ជួន ណារ៉ុន បានជម្រាបទៅសម្ដេចតេជោ ហ៊ុន សែន ថា គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ គួរបន្តពន្យារពេលក្នុងការបើកដំណើរការឡើងវិញ ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ ជាពិសេសបង្ការរលកទី២៕