ភ្នំពេញ៖ យោងតាមរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈដែលបានចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ឲ្យដឹងថា ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យឃើញមានយានយន្ត ល្មើសច្បាប់សរុបចំនួន ៧៦៥គ្រឿង ក្នុងនោះម៉ូតូចំនួន ៤៨២គ្រឿង និងរថយន្តចំនួន២៨៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក នៅទូទាំងប្រទេស ។
ក្នុងនោះអំពើល្មើសភាគច្រើន របស់អ្នកបើកបរម៉ូតូ គឺមិនមានពាក់មួកសុវត្ថិភាព ចំណែកអំពើល្មើសសម្រាប់ អ្នកបើកបររថយន្ត រួមមាន មិនពាក់ខ្សែក្រវ៉ាត់, ស្លាកលេខ និងផ្ទុកទំនិញលើកកំណត់ ។
ដោយឡែកក្នុងរយៈពេល១៤ថ្ងៃ (ពីថ្ងៃទី០១-១៤ ខែឧសភា) ការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក រកឃើញយានយន្តល្មើសមានចំនួន ២២,៨០៧រឿង ក្នុងនោះម៉ូតូចំនួន១៦,៦១៦គ្រឿង និងរថយន្ត៦,១៩១គ្រឿង ។
របាយការណ៍ដដែលបានវាយតម្លៃរយៈពេល ១៤ថ្ងៃឃើញថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕