រដ្ឋមន្រ្តីការងារអាស៊ាន អនុម័តសេចក្តីថ្លែងការណ៍រួម ៩ចំណុច ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ នៃជំងឺកូវីដ១៩

0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងការងារអាស៊ាន បានសម្រេចអនុម័តសេចក្តីថ្លែងការណ៍រួម ចំនួន ៩ចំណុច ដើម្បីឆ្លើយតបទៅនឹង ផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ ។

កាលពីថ្ងៃទី១៤ ឧសភា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមក្នុងកិច្ចប្រជុំពិសេស រដ្ឋមន្ត្រីការងារអាស៊ាន តាមរយៈ Video Conference ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” នៅទីស្តីការក្រសួងការងារ ។ កិច្ចប្រជុំនេះក៏មានការចូលរួម ពីរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស ប្រទេសម៉ាទ្បេស៊ី ក្នុងអាណត្តិជាប្រធាន បានដឹកនំាកិច្ចប្រជុំនេះ ព្រមជាមួយគ្នានោះដែរ នៅក្នុងវគ្គនៃកិច្ចប្រជុំបើកចំហរ ក៏មានការចូលរួមពីលោក Guy Ryder អគ្គនាយកអង្គការអន្តរជាតិខាងការងារ (ILO) ក៏បានចូលរួម ភាពជាដៃគូជាមួយអាស៊ាន ដើម្បីរួមគ្នាក្នុងការទប់ស្កាត់ នៃការរីករាលដាល និងផលប៉ះពាល់នៃជំងឺកូវីដ-១៩នេះ ។

ក្នុងឱកាសកិច្ចប្រជុំនេះ លោក អ៊ិត សំហេង បានចែករំលែកព័ត៌មាន អំពីគោលនយោបាយ និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការជួយឧបត្ថម្ភគំាទ្រដល់កម្មករនិយោជិត និយោជក និងជនងាយរងគ្រោះដែលរង ផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។

ជាលទ្ធផល រដ្ឋមន្រ្តីការងារអាស៊ាន បានអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” ដែលមាន៩ចំណុច ក្នុងនោះផ្តោតសំខាន់ទៅលើការ ផ្តល់កិច្ចគំាទ្រដល់ជីវភាព និងសុខភាពរបស់កម្មករនិយោជិត ពលករទេសន្តរប្រវេសន៍ និងអ្នកធ្វើការក្នុងវិស័យដែលរងហានិភ័យខ្ពស់, ការធានាថាកម្មករនិយោជិត ដែលត្រូវបានបញ្ឈប់ ឬព្យួរកិច្ចសន្យាការងារទទួលបាន ការផ្តល់អត្ថប្រយោជន៍សមស្របតាមច្បាប់ លិខិតបទដ្ឋាន និងលទ្ធភាពនៃប្រទេសជាសមាជិក, ការផ្តល់សេវាថែទំាសុខភាពដល់ កម្មករនិយោជិតដែលឆ្លងជំងឺកូវីដ-១៩, ការពង្រឹងបន្ថែមប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយទីផ្សារការងារ បទដ្ឋានសុវត្ថិភាពនិងសុខភាពការងារ និងប្រព័ន្ធគំាពារសង្គម, និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជាមធ្យោបាយក្នុងការទំនាក់ទំនង និងពិគ្រោះយោបល់ក្នុងអំទ្បុងពេលមាន ការរឹតត្បិតជាបណ្តោះអាសន្ន ។

កិច្ចប្រជុំពិសេសនេះ បានបង្ហាញពីភាពរឹងមំា នៃស្មារតីសាមគ្គីភាពអាស៊ាន ដូចដែលមានចែងក្នុងបាវចនាអាស៊ាន “សហគមន៍តែមួយ វាសនាតែមួយ” ក្នុងការឆ្លើយតបរួមគ្នារបស់អាស៊ាន ចំពោះផលប៉ះពាល់នៃជំងឺកូវីដ-១៩ ៕