លោក ពេជ្រ ស្រស់ ប្រកាសឈប់ចុះធ្វើការងារ នៅមូលដ្ឋានបើរឿងពិត នៃការដកតំណែងលោក វីល្លាម មិនបង្ហាញ

0

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានប្រកាសក្ដែងៗថា លោកនឹងឈប់ចុះធ្វើការងារក្នុងនាមជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ទៀតហើយដរាបណារឿងពិតពីក្រោយនៃការដកលោក WilliamGuangមិនបង្ហាញជាសាធារណៈ។

ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ នេះ បានសម្រេចបញ្ចប់មុខ តំណែងលោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធាន គណបក្សខ្មែរក្រោក ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ដ្រី។

តាមរយៈហ្វេសប៊ុក ផ្ទាល់ខ្លួន នៅថ្ងៃទី១៣ឧសភានេះ លោក ពេជ្រ ស្រស់បានឲ្យដឹងបន្ថែមថា បញ្ចប់តំណែង សមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កន្លងមកមិនបានឆ្លងកាត់ ការតស៊ូមតិ ផ្នែកនីតិកម្ម ឲ្យបានច្បាស់លាស់នោះឡើយ។ ការបញ្ចប់តំណែងនោះ គឺធ្វើឡើងយ៉ាងតក់ក្រហល់បំផុត ដែលនាំឲ្យប៉ះពាល់ ដល់សិទ្ធិនិងសេចក្តីថ្លៃថ្នូរ របស់ប្រតិភូសាម៉ីខ្លួន ព្រមទាំងយន្តការ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងមូលតែម្តង។

លោក ពេជ្រ ស្រស់ បានសរសេរក្នុងន័យ ដើមទាំងស្រុងថា “នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ខ្ញុំបាទបានចូលរួម ប្រជុំវិសាមញ្ញ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើប្រធានបទ អំពីការបញ្ចប់តំណែង សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយនៅក្នុងកិច្ចប្រជុំនេះផងដែរ ខ្ញុំក៏បាន ធ្វើកត់សម្គាល់ឃើញថា ការបញ្ចប់តំណែងសមាជិក របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់កន្លងមក មិនបានឆ្លងកាត់ការតស៊ូមតិ ផ្នែកនីតិកម្មឲ្យបានច្បាស់លាស់ នោះឡើយ។ ហើយការបញ្ចប់តំណែងនោះ គឺធ្វើឡើងយ៉ាងតក់ក្រហល់បំផុត ដែលនាំឲ្យប៉ះពាល់ដល់សិទ្ធិនិង សេចក្តីថ្លៃថ្នូរ របស់ប្រតិភូសាម៉ីខ្លួនព្រមទាំង យន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងមូល តែម្តង ហើយក្នុងកិច្ចប្រជុំខ្ញុំ ក៏បានប្រកាសហើយដែរថា ខ្ញុំនឹងឈប់ចុះធ្វើការងារក្នុងនាមជាសមាជិកឧត្តម ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទៀត ហើយដរាបណារឿង ពិតពីក្រោយនៃការដកឯកឧត្តម WilliamGuangមិនបង្ហាញជាសាធារណៈ” ៕