ភ្នំពេញ៖ ក្រោយរងការរិះគន់ យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋនោះ ក្រសួងបរិស្ថាន បាននិងកំពុងដុតដៃដុតជើង ស្វែងរកអត្តសញ្ញាណ ជនប្រមាញ់សត្វកេងកងធំ ម្នាក់ ដើម្បីយកមកអប់រំ កុំឲ្យធ្វើការបរបាញ់ សត្វព្រៃបន្តទៀត ខណៈសត្វព្រៃមួយចំនួន ស្ថិតក្នុងពពួកកម្រ និងជិតផុតពូជ។ នេះបើយោងតាម AKP ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី១៣ ខែឧសភានេះ បានឲ្យដឹងថា ក្រសួងកំពុងស្រាវជ្រាវ រកបុគ្គលដែលបាញ់សត្វ កេងកងនោះ ដើម្បីធ្វើការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ បទល្មើសបរបាញ់សត្វព្រៃ បន្តទៀតព្រមទាំងរឹបអូស យកឧបករណ៍ ឬកំាំភ្លើងកែច្នៃ ដែលបានប្រើប្រាស់នោះ។
សត្វកេងកងធំ គឺជាសត្វចូលចិត្តស៊ីផ្លែ និងយកព្រៃ មានអាយុកាលចាស់ធ្វើជាទីជំរក។ សត្វស្លាបមួយនេះ មានប្រវែងពី៩៥ទៅ ១២០សង់ទីម៉ែត្រ និងទម្ងន់វាពេញវ័យ២,៨គីឡូក្រាម បក្សីមួយប្រភេទនេះ ត្រូវបានអង្គការ ICUN ចុះក្នុងបញ្ចីក្រហមជាសត្វជិតផុតពូជ ដោយសារតែការបាត់បង់ជម្រក និងការបរបាញ់នៅតាមតំបន់មួយចំនួន៕