ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ព្រមានចាត់វិធានការច្បាប់ លើម្ចាស់សណ្ឋាគារ The Great Duke មានទីតាំងក្នុងរាជធានីភ្នំពេញ បើមិនព្រមទូទាត់ប្រាក់អតីតភាពការងារជូនអតីតកម្មករនិងបុគ្គលិក តាមសេចក្តី បង្គាប់ របស់ ក្រុមប្រឹក្សា អាជ្ញា កណ្តាល កាលពី ខែកុម្ភៈ ឆ្នាំ២០២០។នេះបើយោងតាម ការចុះផ្សាយរបស់VOD។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅរសៀលថ្ងៃអង្គារនេះ អនុប្រធាន ផ្នែក អន្តរាគមន៍ និង ដោះស្រាយ បាតុកម្ម កូដកម្ម គ្រប់មុខ សញ្ញា នៃ ក្រសួងការងារ លោក អ៊ូ រតនា បានថ្លែងថា ភាគីសណ្ឋាគារ The Great Duke និយាយថា មិនមានលទ្ធភាពសងប្រាក់អតីតភាពការងារចំនួន៣ចំណុចទៅឲ្យកម្មករ និងបុគ្គលិកជាង១៥០នាក់ តាមសេចក្តី បង្គាប់ របស់ ក្រុមប្រឹក្សា អាជ្ញា កណ្តាល កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នោះទេ។
ករណីនេះ លោក រតនា បញ្ជាក់ថាក្រសួងទុកពេលឲ្យភាគី សណ្ឋាគារ The Great Duke ពិចារណារកប្រាក់សងភាគីកម្មករ នៅត្រឹមថ្ងៃសុក្រទី១៥ ខែឧសភានេះ ជាលើកចុងក្រោយ តាមរយៈការប្រជុំ សម្រេច នៅថ្ងៃដដែលវេលាម៉ោង៩ព្រឹក។
ទោះជាយ៉ាងណា ប្រភពដដែលអះអាងថា ចាប់ពីថ្ងៃស្អែកនេះទៅក្រសួង ក៏ចាត់ក្រុមការងារអធិការកិច្ចចុះស្រាវជ្រាវសណ្ឋាគារ The Great Duke ដើម្បីឈានដល់ការចាប់បង្ខំឲ្យអនុវត្តតាមសេចក្តី បង្គាប់ របស់ ក្រុមប្រឹក្សា អាជ្ញា កណ្តាល កាលពី ខែកុម្ភៈ ឆ្នាំ២០២០ផងដែរ។
លោកមានប្រសាសន៍ថា៖ «យើងកំពុងចាត់វិធានការទៅតាមផ្លូវច្បាប់ហើយ យើងអត់រង់ចាំដល់ថ្ងៃសុក្រទេ តែយើងក៏មានការបើកផ្លូវឲ្យមានការចចារដើម្បីបើកប្រាក់ជូនកម្មករតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
សណ្ឋាគារ The Great Duke ឬអតីត សណ្ឋាគារ អាំងទែកុង ទីណង់តាល់ (InterContinental ) បានប្រកាស បិទប្រតិបត្តិការ អាជីវកម្មរបស់ខ្លួន កាលពីថ្ងៃទី៣១ ខែធ្នូ កាលពីឆ្នាំមុន បន្ទាប់ពីប្រតិបត្តិការ អាជីវកម្មរបស់ ខ្លួនអស់ រយៈពេល២៣ឆ្នាំ។
ក្រោយពីបិទទ្វារ មិនទាន់ ទូទាត់ប្រាក់ អតីតភាពការងារ ធ្វើឱ្យអតីតបុគ្គលិក នៅសណ្ឋាគារនេះ នាំគ្នាធ្វើញត្តិ ដាក់ទៅស្ថាប័នរដ្ឋដូចជា ក្រសួងការងារ ខុទ្ទកាល័យរដ្ឋាភិបាល និងដាក់ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីជួយ អន្តរាគមន៍ផងដែរ។
រហូតដល់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ ប្រធាន លេខាធិការ ដ្ឋាន ក្រុមប្រឹក្សាកណ្តាល បានចេញសេចក្តីសម្រេច ជូន ដំណឹងទៅ ភាគីកម្មករនិយោជិតនិងភាគីនិយោជក ដើម្បីឱ្យនិយោជក ផ្តល់សំណងដល់កម្មករនូវប្រាក់ដំណាច់ទូទាត់ជួសការជូនដំណឹង មុននិងប្រាក់រំលឹកអតីតភាព ការងារ មុនឆ្នាំ២០១៩ ដោយយក ប្រាក់ឈ្នួលគោលនិងប្រាក់បន្ទាប់បន្សំមកគណនាផងដែរ ៕