ភ្នំពេញ៖ មន្ដ្រីយោធាម្នាក់ នៅខេត្តឧត្ដរមានជ័យ ដែលបាញ់សម្លាប់ ប្រពន្ធរបស់ខ្លួន និងសម្លាប់ស្ដ្រីម្នាក់ទៀត ដែលជាប្រពន្ធយោធា នៅក្នុងអង្គភាពជាមួយគ្នា ដែលបានរត់គេចខ្លួន អស់រយៈពេលមួយ ថ្ងៃមកនេះ នៅទីបំផុតបាន សម្រេចបញ្ចប់ ជីវិតខ្លួនឯង ដោយធ្វើអត្ដឃាត (បាញ់សម្លាប់ខ្លួនឯង) ខណៈដែលកម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ កំពុងឡោមព័ទ្ធដើម្បីចាប់ខ្លួន។
យោងតាមនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា បានឲ្យដឹងថាមន្ដ្រីយោធារូបនេះ បានយកកាំភ្លើង AK ដែលខ្លួនបានស្ពាយ ទៅជាមួយ និងមាន ១២០គ្រាប់ជាប់ក្នុងខ្លួន បានបាញ់សម្លាប់ខ្លួនឯងស្លាប់ភ្លាមៗ នៅនឹងកន្លែងកើត ហេតុតែម្ដង។
អធិការនគរបាល ស្រុកបន្ទាយនអំពិល ខេត្តឧត្តរមានជ័យ លោក ឃុល ភិន បានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ កម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ បានតាមឡោមព័ទ្ធមន្ដ្រីយោធា សឿន កាន់ នៅវរសេនាតូច អន្ដរាគមន៍លេខ២៤៣ នៃកងពលតូចអន្ដរាគមន៍លេខ៤ ដើម្បីចាប់ខ្លួន ប៉ុន្ដែជនដៃមិនព្រម ស្ដាប់តាមសមត្ថកិច្ច រហូតបាញ់ត មកសមត្ថកិច្ចទៀតផង តែមិនបណ្ដាលឲ្យ នរណាម្នាក់រងរបួសនោះទេ។
លោកអធិការ បានបញ្ជាក់ថា ជនដៃដល់ក៏បានសម្រេចបាញ់ សម្លាប់ខ្លួនឯងស្លាប់ភ្លាមៗតែម្ដង ។
លោកអធិការបន្ដថា មូលហេតុដែលនាំឲ្យ ប្រព្រឹត្តអំពើឃាត កម្មខាងលើនេះ ដោយសារតែជនដៃដល់ និងភរិយា បានឈ្លោះប្រកែកគ្នា រួចហើយបានទាញកាំបិត កាប់ភរិយា៣កាំ បិត ពេលនោះស្ដ្រី ជាភរិយាយោធា នៅក្នុងអង្គភាព ជាមួយពេលកំពុងហូបបាយ ជាមួយគ្នា ក៏ជួយឃាត់នៅក្នុងផ្ទះរបស់ខ្លួន ស្រាប់តែជនដៃដល់មិនស្ដាប់ ក៏ទាញកាំភ្លើងបាញ់ សម្លាប់ចោលទាំងពីរនាក់តែម្ដង រួចរត់គេចខ្លួននៅផ្ទះមួយកន្លែង លក់គ្រឿងសំណង់ ក្បែរនោះ។
ក្រោយទទួលបានព័ត៌មាននេះ កម្លាំងយោធានៅក្នុងអង្គភាព ក៏តាមទៅឡោមព័ទ្ធ ហើយនៅក្បាលព្រលប់ជនដៃដល់ក៏បានបាញ់រំដោះខ្លួន គេចចេញពីកន្លែងពួនតែម្ដង។ លោកអធិការបន្ដថា ពេលពួននៅនឹងផ្ទះអ្នកជិតខាងនោះ ជនដៃដល់បានភ្ជង់ ស្ដ្រីចំណាស់ម្នាក់ អាយុជាង៧០ឆ្នាំ និងចៅ២នាក់ទៀត ដោយគំរាមបាញ់សម្លាប់ចោល និងដុតផ្ទះ តែដោយការអង្វរកពីជនរងគ្រោះ ទើបរូបគេមិនធ្វើសកម្មភាព។
សូមបញ្ជាក់ថា មន្ត្រីយោធាម្នាក់ឈ្មោះ សឿន កាន់ អាយុ៥៥ឆ្នាំ ឋានៈនាយចំណង់ អត្តលេខ០៧០៤៦២ បម្រើ ការនៅអង្គភាព វរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពល តូចអន្តរាគមន៍លេខ៤ បានបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងបាញ់ប្រពន្ធជាមន្ត្រីយោធាម្នាក់ទៀត មុនរត់គេចខ្លួន ដោយមាននាំកាំភ្លើងអាកាទៅជាប់ជាមួយទៀតផង។
មន្ត្រីយោធារូបនេះ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ និងប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀត ឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ។ ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចយកអាវុធ AK47 ចំនួន ១ដើមលេខ ៥៧៧១៧៦ គ្រាប់ចំនួន ១២០គ្រាប់៕