ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាព កម្ចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានឲ្យដឹងថា គ្រាប់មីនមិនទាន់ផ្ទុះ ចំនួន១១៧គ្រាប់ ត្រូវបានក្រុមស្ថាបនាផ្លូវ និងដាក់លូប្រទះឃេីញ នៅក្បែរស្ថានីយ៍ប្រេងតូតាល់ មួយកន្លែង ស្ថិតនៅក្រុងព្រះសីហនុ។
លោក ហេង រតនា បានសរសេរនៅលើ បណ្ដញទំនាក់ទំនងសង្គម ហ្វេសប៊ុក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះ ថា មន្ដ្រី CMVIS និងមន្ត្រីម៉ាពូ ខេត្តព្រះសីហនុ បានសហការជាមួយ ប្រតិបត្តិករ CMAC ប្រមូលគ្រាប់មិនទាន់ផ្ទុះចំនួន ១១៧គ្រាប់ នៅផ្លូវលេខ ១១២ (វិថីកម្មករ) ត្រង់ចំនុចផ្លូវ CT ក្បែរស្ថានីយ៍ប្រេងតូតាល់ ស្ថិតក្នុងភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ គ្រាប់មិនទាន់ផ្ទុះទាំងនោះ ត្រូវបាន រាយការណ៍ដោយកងកម្លាំងវិស្វកម្ម ដែលកំពុងស្ថាបនាផ្លូវលេខ ១១២ (វិថីកម្មករ) ។
លោកក៏បានឲ្យដឹងបន្ថែមថា មកដល់ម៉ោងក្រុមជំនាញអង្គភាពសុីម៉ាក់ បានបោសសំអាត រុករកដោះបន្សាបបាន ចំនួន១១៧គ្រាប់ រួមមានគ្រាប់១០៥មម គ្រាប់៨៥មម និងគ្រាប់កាំជ្រួញផងដែរ! ឥឡូវនេះ ក្រុមវិស្វកម្ម អាចបន្តការសាងសង់ទៅមុខទៀត ហេីយសំខាន់ត្រូវត្រួតពិនិត្យ បោសសំអាតសំណល់ ជាតិផ្ទុះជាមុន ទេីបដំណេីរសាងសង់ធានា សុវត្ថិភាព៕





