ភ្នំពេញ៖ លោក ប៉ាប្លូ កាំង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានលកឡើងថា ក្រុមហ៊ុនអូស្ត្រាលីមួយ កំពុងតែសិក្សាលទ្ធភាព វិនិយោគក្នុងខ្សែសង្វាក់ ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអូស្ត្រាលី។ នេះបើយោងតាមហ្វេសប៊ុក ក្រសួអពាណិជ្ជកម្ម ។
ក្នុងជំនួបសម្ដែងការគួរសម ជាមួយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ឧសភានេះលោក ប៉ាប្លូ កាំង បានមានប្រសាសន៍ថា រដ្ឋាភិបាលអូស្ត្រាលី ក៏បានរៀបចំ និងកំពុងអនុវត្តគម្រោងដទៃទៀត ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ យេនឌ័រ វិនិយោគ និងពាណិជ្ជកម្មផងដែរ។
ទាក់ទងនឹងក្រសួងពាណិជ្ជកម្ម លោកទូត បានជម្រាបអំពីសកម្មភាព ដែលរដ្ឋាភិបាលអូស្ត្រាលី បានជួយដល់ក្រសួងពាណិជ្ជកម្ម រួមមាន ការជំរុញការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងជំនួយបច្ចេកទេសដល់ការរៀបចំ សេចក្ដីព្រាងច្បាប់ស្ដីពីការប្រកួតប្រជែង។ លើសពីនោះទៀត អូស្ត្រាលីក៏កំពុងតែសិក្សា និងគ្រោងនឹងបញ្ចប់ការសិក្សានៅឆ្នាំ២០២១នេះ នូវគម្រោងថ្មីមួយដែលផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច សម្របសម្រួលវិនិយោគ និងពិពិធកម្មពាណិជ្ជកម្មផងដែរ។
លោកទូត បានបញ្ជាក់ថា «ក្រុមហ៊ុនអូស្ត្រាលីមួយ កំពុងតែសិក្សាលទ្ធភាពវិនិយោគ ក្នុងខ្សែសង្វាក់ផលិតកម្មស្រូវ-អង្ករនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារអូស្ត្រាលី» ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ បានថ្លែងថា កម្ពុជា និងអូស្ត្រាលី ក៏ជាភាគីនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងអាស៊ាន-អូស្ត្រាលី និងនូវែលហ្សេឡង់ (AANZ) ហើយកម្ពុជា និងអូស្ត្រាលី នឹងសហការណ៍គ្នាដើម្បីជំរុញការបញ្ចប់ និងអនុវត្តកិច្ចព្រមព្រៀងទាំងនោះ ឲ្យប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យអូស្ត្រាលី ពិនិត្យលទ្ធភាពជួយបន្ថែមទៀត ក្នុងសកម្មភាពរួមមាន លិខិតបទដ្ឋានគតិយុត្ត និងការអភិវឌ្ឍសមាសធាតុផ្សេងៗ ក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក លិខិតបទដ្ឋានគតិយុត្ត នៃច្បាប់ស្ដីពីការប្រកួតប្រជែង ក៏ដូចជាចូលរួមអនុវត្តនូវអនុសាសន៍ នៃយុទ្ធសាស្ត្រសមាហរណកម្ម ពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣។
ក្រៅពីនេះផងដែរ កម្ពុជា និងអូស្ត្រាលី ក៏នឹងពិនិត្យលទ្ធភាព ក្នុងការពង្រីកការធ្វើពាណិជ្ជកម្មទ្វេភាគី ៕