ប្រយ័ត្ន! គ្រាន់តែ ៥នាទីប៉ុណ្ណោះ ក៏គេអាចចូលលួចយកទិន្នន័យ ក្នុងកុំព្យូទ័ររបស់អ្នកបានដែរ

0

ភ្នំពេញ៖ វាមិនមែនជារឿងចម្លែកពេកទេ ដែលកុំព្យូទ័ររបស់លោកអ្នកអាច ត្រូវបានវាយប្រហារពីជនអាណាមិគ ល្គិកណាលោកអ្នកធ្វើការ ប្រើប្រាស់ឧបករណ៍ទាំងនោះ ជាពិសេសក្នុងពេលមានការ តភ្ជាប់ជាមួយប្រព័ន្ធអ៊ិនធឺណេត។ ប៉ុន្តែក្នុងពេលថ្មីៗនេះ សូម្បីនៅក្នុងប្រព័ន្ធ Thunderbolt ក៏នៅតែមានចំណុចខ្សោយ ដែលអាចឱ្យអ្នកវាយប្រហារលួច យកទិន្នន័យក្នុងកុំព្យូទ័រលោកអ្នកបាន ដោយគ្រាន់តែចំណាយពេលប្រហែល ៥នាទីប៉ុណ្ណោះ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវ ផ្នែកសុវត្ថិភាពនៅ សាកលវិទ្យាល័យ Eindhoven។

នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យាបានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវបានគេឱ្យឈ្មោះថា Thunderspy ហើយមានការប៉ះពាល់ដល់ កុំព្យូទ័រដែលផលិតមុនឆ្នាំ២០១៩ ដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows ឬ Linux ជាមួយនឹងឈីប Intel។

ដើម្បីធ្វើការវាយប្រហារនេះ ពួកគេគ្រាន់តែបើកគម្របខាងក្រោយកុំព្យូទ័រ ហើយប្រើឧបករណ៍តូចមួយ ដើម្បីធ្វើការផ្លាស់ប្ដូរ firmware ដែលគ្រប់គ្រងប្រព័ន្ធរបស់ Thunderbolt។ ទាក់ទងនឹងបច្ចេកវិទ្យា Thunderbolt នេះ ប្រហែលជានៅមានអ្នកខ្លះ មិនទាន់ស្គាល់ពីវានៅឡើយទេ។

Thunderbolt គឺជាប្រព័ន្ធរន្ធភ្ជាប់នៅក្នុងកុំព្យូទ័រ សម្រាប់តភ្ជាប់ឧបករណ៍ បច្ចេកវិទ្យាផ្សេងៗមានដូចជា monitor និង hard drive ជាដើម ដែលអាចបញ្ជូនទិន្នន័យ លឿនជាងបច្ចេកវិទ្យា USB។ ដើម្បីទទួលបានល្បឿនដ៏លឿននេះ ប្រព័ន្ធ Thunderbolt ត្រូវបាននិម្មាបនកម្មដែល អាចផ្លាស់ប្តូរទិន្នន័យ ដោយផ្ទាល់ជាមួយកុំព្យូទ័រ memory ដែលជាហេតុនាំឱ្យមាន ចំណុចខ្សោយនេះ។

ដើម្បីចៀសវាងពីការវាយប្រហារនេះ លោកអ្នកអាចបិទការប្រើប្រាស់ប្រព័ន្ធ Thunderbolt នៅក្នុងប្រព័ន្ធប្រតិបត្តិការ ដោយប្រើរន្ធភ្ជាប់នេះសម្រាប់តែជាមួយនឹង monitor ប៉ុន្តែវិធីនេះក៏មិនអាចជៀសវាងពីការ វាយប្រហារបានទាំងស្រុងនោះដែរ។ អ្វីដែលល្អបំផុតនោះគឺ លោកអ្នកគួរតែចៀសវាងទុកកុំព្យូទ័រចោល ដែលអាចឱ្យជនអនាមិក មានឱកាសអាចប៉ះពាល់បាន ដូចជានៅក្នុងបន្ទប់សណ្ឋាគារជាដើម…៕