ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញសេចក្ដីព្រមានលើកទី១ចំពោះ លោកផ្កាយ២ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ដោយសារមូលហេតុ ខ្វះការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងនិងដឹកនាំ។
យោងតាមប្រកាសស្ដីពី ការអនុវត្តន៍វិន័យមន្រ្តីនគរបាលជាតិ ដែលចុះហត្ថលេខា ដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៦ ខែ មីនា ឆ្នាំ ២០២០ដែលទើបបែកធ្លាយ នៅថ្ងៃទី១២ ឧសភានេះ បានឲ្យដឹងថា” ត្រូវបានអនុវត្តន៍វិន័យ ក្រោមរូបភាពព្រមានលើកទី១ ចំពោះឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ មូលហេតុខ្វះការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងនិងដឹកនាំ”។
ក្នុងលិខិត៤ ដាច់ដោយឡែកផ្សេងទៀត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានព្រមានចំពោះស្នងការរង និងមន្រ្តីនគរបាលជាន់ខ្ពស់ចំនួន៤រូបផងដែរ។
ស្នងការខេត្តកំពង់ធំលោក អ៊ុក កុសល បានធ្វើអំពើពុករលួយជាច្រើន នៅក្នុងអង្គភាពរបស់ខ្លួន ហើយបានប្រព្រឹត្តិអំពើ មិនគប្បីទៅលើ បុគ្គលិកជាស្ដ្រីក្នុងការិយល័យ និងមានករណីពាក្យបណ្តឹង ទាក់ទងនិងលោកស្នងការរូបនេះ យករថយន្ត មន្ត្រីនគរបាលខេត្តព្រះវិហារ ទៅលក់ថែមទៀតផងដែរ។
មុនរងការព្រមាននេះ បើយោងតាមប្រភពផ្ទៃ ក្នុងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថាលោកស្នងការ នគរបាលខេត្តកំពង់ធំ លោក អ៊ុក កុសល មានរឿងអាស្រូវជាច្រើនរួមមានទាំងការបង្កើតបក្សពួកនិយម បៀតបៀន កេរ្តិ៍ខ្មាស និងបិទថវិការរបបសាំង និងបេសកកម្មរបស់មន្រ្តី ក្រោមឱវាទផងដែរ ដែលធ្វើឲ្យមន្ត្រីក្រោមឱវាទទាំងនោះ រងនូវអំពើអយុត្តិធម៌ ជាច្រើនប៉ុន្តែមិនហ៊ាន បញ្ចេញដោយខ្លាចមានបញ្ហា ព្រោះថាលោក អ៊ុក កុសល មានខ្នងបង្អែក នៅពីក្រោយ។
យោងតាមប្រភពដដែលខាងលើនេះ បានឲ្យដឹងបន្ថែមថាជាក់ស្តែង បញ្ហាចុងក្រោយគឺបញ្ហារថយន្ត (ម៉ាកម៉ាស្តាភីកអាប់) ដែលជារបស់មន្ត្រីនរគរបាលខេត្តព្រះវិហារខ្ចីពីអង្គភាព ដឹកភរិយាមកពិនិត្យផ្ទៃពោះនៅភ្នំពេញ ចៃដន្យរថយន្ត បានខូចនៅភូមិសាស្ត្រ ស្រុកសន្ទុកខេត្តកំពង់ធំ ហើយទៅមុខមិនរួច មន្ត្រីនគរបាលនោះ បាលផ្ញើររថយន្តនោះ នៅនឹងម្ចាស់ផ្ទះ ព្រោះលោកត្រូវយកប្រពន្ធ ទៅភ្នំពេញបន្ទាន់។ ប៉ុន្តែបានរយៈពេលពីរបីថ្ងៃ ក្រោយមកលោកអ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបញ្ជាឲ្យកូនចៅទៅស្ទូច រថយន្តនោះមកដាក់នៅ ស្នងការដ្ឋានដើម្បីទុកដោះស្រាយ។
ក្រោយពេលដឹងថា រថយន្តរបស់ខ្លួន ត្រូវបានសមត្ថកិច្ចស្ទួច មកដាក់អង្គភាព មន្ត្រីនគរបាល ខេត្តព្រះវិហាររូបនោះ បានស្នើរសុំទៅ លោក អ៊ុក កុសល សុំយករថយន្តវិញ ប៉ុន្តែលោកអ៊ុក កុសលមិនព្រមឲ្យ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយមកទៀតលោក អ៊ុក កុសល បានបញ្ជាឲ្យកូនចៅរបស់ខ្លួន ទៅយករថយន្តនោះទៅជួសជុល និងបាញ់ថ្នាំពណ៌សថ្មី ដាក់ស៊ីរ៉ែន និងបិទឡូហ្គោ(នគរបាល) ហើយដាក់ថា រថយន្តនោះជាអំណោយរបស់ អគ្គស្នងការនគរបាលជាតិ។ បន្ទាប់មកទៀតនៅអំឡុង ខែធ្នូឆ្នាំ២០១៩ លោកអ៊ុក កុសល ក៏បានលក់រថយន្តខាងលើនោះ ទៅឲ្យមន្ត្រីនគរបាលស្រុកបារាយ៍ឈ្មោះ ជា ទួក ក្នុងតម្លៃ៦៥០០ដុល្លារ។
ដោយហេតុនេះហើយ ទើបម្ចាស់រថយន្តប្តឹង ទៅកងរាជអាវុធហត្ថ ខេត្តកំពង់ធំ ដើម្បីយករថយន្តខ្លួនមកវិញ ខណៈបច្ចុប្បន្នសំណុំរឿង រថយន្តនេះ ត្រូវបានអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កំពុងចាត់វិធានការតាមផ្លូច្បាប់។
ក្រៅពីបញ្ហាដែលកើតឡើងថ្មីៗ ខាងលើនេះ លោកឩត្តមសេនីយ៍ទោ អ៊ុក កុសល បានធ្វើឲ្យកើតមានការបែកបាក់ សាមគ្គីផ្ទៃក្នុង អង្គភាពដែលនាំឲ្យអង្គភាពទាំងមួល មានភាពមិនទុកចិត្តគ្នាដូចជា ការដឹកនាំមិនតាម ឋានានុក្រម មិនឲ្យតម្លៃលើ មន្ត្រីថ្នាក់ក្រោមឳវាទ ធ្វើការសម្រេចចិត្ត មិនឆ្លងតាមប្រធានផ្នែក ធ្វើឲ្យថ្នាក់ក្រោមមិនគោរព មេកើយរបស់ខ្លួន យកសិទ្ធិអំណាចគៀបសង្កត់ ថ្នាក់ដឹកនាំក្រោមឪវាទ មិនស្តាប់គ្នា ប្រើប្រាស់កម្លាំងច្របូកច្របល់ យកមន្ត្រីពីជំនាញផ្សេងមកធ្វើការសេដ្ឋកិច្ច ពេលមានបញ្ហាគាត់ មិនទទួលខុសត្រូវ ឆ្លើយដាក់បន្ទុកថ្នាក់ក្រោម។
បង្កើតបក្សពួកឱបក្រសោប តែមន្ត្រីខិលខូច ដែលជាក្រុមរបស់ខ្លួន មិនទុកចិត្តជំនាញ មិនស្តាប់យោបលថ្នាក់ក្រោម មិនដែលប្រជុំ គណៈស្នងការ ដើម្បីដោះស្រាយ បញ្ហាវិវាទផ្ទៃក្នុងតាមនិតិវិធីច្បាស់លាស់ទេ។ លាបព័ណ៌ មូលបង្កាច់ឲ្យមន្ត្រី និងថ្នាក់ដឹកនាំ មានការមិនទុកចិត្តគ្នា។ អាងខ្នងបង្អែកថ្នាក់លើ ជាអភិបាលខេត្តកំពង់ធំ ហើយគាត់ចង់ធ្វើអ្វីក៏បាន គ្មាននរណាហ៊ានតវ៉ាឬប្រឆាំងនិងគាត់។ សូម្បីតែរបបប្រេងសាំង ក៏គ្មាន លុយបេសកកម្មក៏គ្មាន ធ្វើឲ្យស្នងការរង នាយការិយាល័យ និងមន្ត្រីមួយចំនួនធំមានការសង្ស័យនិងថ្នឹងថ្នាក់ចំពោះបញ្ហានេះផងដែរ។
ទាក់ទងនឹងករណី អវិជ្ជមានជាច្រើនខាងលើ មន្រ្តីនគរបាលខេត្តកំពង់ធំ ក៏បានស្នើសុំទៅ នាយឩត្តមសេនិយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយពិនិត្យ និងស្រាវជ្រាវឲ្យបានម៉ត់ចត់ ជៀងវាងកើតមានបញ្ហា កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតផងដែរ៕