ភ្នំពេញ៖ រមណីយដ្ឋានសមុទ្រឈើ ដំបូងនៅកម្ពុជា គ្រោងនឹងបើកដំណើរការ ទទួលភ្ញៀវទេសចរជាផ្លូវការ នាឱកាសឆ្លងឆ្នាំសាកល ២០២០ ខាងមុខនេះ ខណៈដំណើរការរៀបចំកន្លែងនានា ក៏កំពុងមមាញឹកផងដែរ ។ នេះបើយោងតាមហ្វេសប៊ុក ក្រសួងទេសចរណ៍ ។
រមណីយដ្ឋានទេសចរណ៍នេះ មានផ្ទះស្នាក់ និងបន្ទប់ស្នាក់នៅជាច្រើនប្រភេទ មានទាំងផ្ទះស្នាក់លក្ខណៈគ្រួសារ ផ្ទះរចនាប័ទ្មខ្មែរ ផ្ទះសម្រាប់គូស្នេហ៍ ឬគូស្វាមីភរិយា បឹងហ្កាឡូ វីឡា ផ្ទះឈើម៉ូតនៅមាត់អូរ និងផ្ទះសម្រាប់ដាក់តង់គេង ដែលអាចផ្ដល់នូវសេវាស្នាក់នៅ ជូនភ្ញៀវទេសចរប្រកបដោយការពេញចិត្ត ខណៈការងាររៀបចំ នៅក្នុងរមណីយដ្ឋានទាំងមូល កំពុងមមាញឹក និងគិតគូរតាមស្ដង់ដា យ៉ាងយកចិត្តទុកដាក់។
ក្រៅពីនេះ ម្ចាស់រមណីយដ្ឋានបាននិងកំពុងរៀបចំឱ្យមានសួនសត្វស្លាបចម្រុះ ដូចជា សត្វអូទ្រីស ឥន្ទ្រិយ៍ ក្ងោក (មយូរា) ជាដើម។ រីឯផលិតផល ទេសចរណ៍ទូទៅវិញ គេក៏កំពុងរៀបចំឱ្យ មានស្ពានសាងស្នេហ៍ សួនកម្សាន្តសម្រាប់កុមារ ហាងលក់កាហ្វេ-ភេសជ្ជៈដែលច្នៃធ្វើដោយឫស្សី ភោជនីយដ្ឋាន សាលប្រជុំ កន្លែងហាត់ប្រាណ កន្លែងស្ទីម-សូណា ស្កាយបារនៅជាន់លើបំផុត ផ្លូវសម្រាប់ជិះកង់ទេសចរណ៍ សួនបន្លែសម្រាប់ភ្ញៀវទេសចរចូលបេះ ឬកាត់ ដោយខ្លួនឯងជាដើម។ រមណីយដ្ឋាននេះ ក៏បានអភិរក្សទុកនូវដើមឈើធំៗ ខ្ពស់ស្កឹមស្កៃ និងរៀបចំឱ្យ មានរានសម្រាប់ភ្ញៀវទេសចរ អង្គុយលេងកម្សាន្ត គយគន់ទេសភាព នៅក្រោមដើមឈើ ទាំងនោះផងដែរ។
ទន្ទឹមនឹងនោះ គេនឹងរៀបចំឱ្យមានកន្លែងហាត់យោគៈ (Yoga) បំប៉នសុខភាព ជាមួយនឹងការស្រងក្លែបក្លិនគន្ធាបុប្ផា ព្រៃភ្នំកៀកស្និទ្ធនឹងធម្មជាតិ។ ភ្ញៀវទេសចរអាចគយគន់ទស្សនា ទិដ្ឋភាពនាពេលអរុណោទ័យ និងរៀបអស្ដង្គត ផងដែរ ទោះបីគេឈរនៅជ្រុងណាក៏អាចមើលឃើញស្អាតដែរ។ចំណែកនៅរដូវវស្សា មានភ្លៀងធ្លាក់វិញ នៅតាមអូរមានទឹកអូរហូរជាថ្នាក់ៗចំនួន ៣ថ្នាក់ ដែលបង្កើតឱ្យ មានទេសភាពកាន់តែ ពិសេសជាចំណីចក្ខុដ៏ប្លែក ហើយក៏មានកញ្ចុះ សម្រាប់អង្គុយលេង ទទួលទានអាហារ។
ចំពោះការបើកដំណើរការ ម្ចាស់រមណីយដ្ឋានបញ្ជាក់ថា «ប្រសិនបើរាជរដ្ឋាភិបាលអនុញ្ញាត លោកគ្រោងនឹងបើកដំណើរការ ទទួលភ្ញៀវទេសចរជាផ្លូវការ នាឱកាសឆ្លងឆ្នាំសាកល ២០២០ ឆ្លងចូល ២០២១ ខាងមុខ ខណៈដំណើរការរៀបចំកន្លែងនានា ក៏កំពុងមមាញឹកផងដែរ» ។
រមណីយដ្ឋានសមុទ្រឈើ ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពេលចុះត្រួតពិនិត្យស្ថានភាព វិស័យទេសចរណ៍ នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ។ លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យម្ចាស់រមណីយដ្ឋាន គិតគូរពីសុវត្ថិភាពសុខភាព ស្របពេលផ្ទៃក្នុងប្រទេសកំពុងបន្តវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ។ អនាគតរមណីយដ្ឋាន ទេសចរណ៍ដ៏ធំមួយនេះ មានទីតាំងស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខាងលិចបន្តិចពីកន្លែង ទស្សនាទេសភាពសមុទ្រឈើ។
ទន្ទឹមគ្នានោះ ដែរលោករដ្ឋមន្ត្រី ថោង ខុន ក៏បានជូននូវគំនិតដល់ ការគិតគូររៀបចំបង្កើតឱ្យ មានជាប្រភេទទេសចរណថ្មើរជើង (Trekking) ទេសចរណ៍ជិះកង់ក្នុងព្រៃ (Hekking) ផងដែរ។ ជាងនេះទៀត លោករដ្ឋមន្ត្រី បានណែនាំ ដល់ម្ចាស់រមណីយដ្ឋាន និងអ្នកគ្រប់គ្រងក្នុងដំណាក់កាលកូវីដ-១៩ និងក្រោយកូវីដ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តន៍ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការការពារសុវត្ថិភាពទេសចរ ដូចជាការពាក់ម៉ាស គម្លាតសង្គម អនាម័យសម្អាតមេរោគ ដល់អ្នកទេសចរ អ្នកបម្រើការ និងអ្នកពាក់ព័ន្ធ ដោយប្រើប្រាស់ឧបករណ៍តាមបច្ចេកវិទ្យាឌីជីថលជាដើម ដោយមានការត្រួតពិនិត្យការអនុវត្តហ្មត់ចត់ និងជាប្រចាំ ៕






