ក្រសួងផែនការ ឲ្យអភិបាលរាជធានី-ខេត្ត កំណត់អត្តសញ្ញាណ គ្រួសារក្រីក្រឲ្យត្រឹមត្រូវ ដើម្បីទទួលប្រាក់ឧបត្ថម្ភ

0

ភ្នំពេញ៖ លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានស្នើឲ្យអភិបាលរាជធានី-ខេត្តទាំងអស់ កំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ឲ្យបានត្រឹមត្រូវ និងតម្លាភាព ដើម្បីឧបត្ថម្ភជាសាច់ប្រាក់ជូនពួកគាត់ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។ នេះបើយោងតាម ហ្វេកប៊ុកក្រសួងផែនការ ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល នីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឹកូវីដ១៩ កាលពីទី១១ ឧសភា លោកទេសរដ្ឋមន្ត្រី ឆាយ ថន បញ្ជាក់ថា «ដោយសារពេលនេះ មានវត្តមានរបស់ លោកអភិបាលខេត្ត ដូច្នេះ ខ្ញុំសូមស្នើ លោក មេត្តាជួយសហការ និងតាមដានដំណើរការការងារនេះ ឲ្យបានជាប់ ជាប្រចាំ ដើម្បីជៀសវាងឲ្យបានប្រតិកម្មពីប្រជាជន នៅពេលដែលរាជរដ្ឋាភិបាល កម្ពុជា ចាប់ផ្តើមអនុវត្ត​ការផ្តល់អន្តរាគមន៍ ដូចយើងទទួលបានបទពិសោធន៍កន្លងមក ប្រជាជនខ្លះគាត់មិនចាប់អារម្មណ៍ ពេលយើងចុះសម្ភាសន៍ ប៉ុន្តែនៅពេលគាត់ត្រូវការ ឬឃើញគេនៅជិតក្នុងភូមិជាមួយគ្នា ទទួលបានផលប្រយោជន៍ ពេលនោះចាប់ផ្តើមប្រតិកម្ម»។

លោកបន្ថែមថា បើយើងទទួលបានលទ្ធផលល្អ និងមិនមានប្រតិកម្ម ជាពិសេសអន្តរាគមន៍ ដែលបានផ្តល់ដល់អ្នក ដែលកំពុងអត់ពិតប្រាកដនោះ គឺប្រជាជននឹងផ្តល់កិត្តិយស និងការកោតសរសើរយ៉ាង ពិតប្រាកដដល់អាជ្ញាធរមូលដ្ឋាន និងខេត្តដែលអនុវត្តការងារ ប្រកបដោយតម្លាភាព ។

លោកទេសរដ្ឋមន្ត្រីគូសបញ្ជាក់ថា តាមការប្រគល់ភារកិច្ចរបស់រាជរដ្ឋាភិបាល ក្រសួងផែនការ បាននិងកំពុង រៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ ដែលមានក្នុង តំបន់ជនបទ ឲ្យបានចប់សព្វគ្រប់ មុនដំណាច់ ខែឧសភា ឆ្នាំ២០២០ និង តំបន់ទីប្រជុំជនឲ្យ បានមុនដំណាច់ ខែមិថុនា ឆ្នាំ២០២០ ដោយប្រើយន្តការកំណត់ អត្តសញ្ញាណម្មគ្រួសារក្រីក្រ តាមការស្នើសុំ និងត្រូវមានការពិគ្រោះយោបល់ជាមួយ ភូមិ និងឃុំ ករណីមានការដកចេញនូវគ្រួសារណា ដែលមានជីវភាពលេចធ្លោ ៕