ក្រសួងទេសចរណ៍ ឲ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ កែលម្អគុណភាព ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិកូវីដ 

0

ភ្នំពេញ៖ ក្រសួងទេសចរណ៍កម្ពុជា បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ នៅក្នុងប្រទេសកម្ពុជា ឲ្យយកឱកាសកូវីដ១៩ កែលម្អគុណភាពឱ្យប្រសើរឡើង ដើម្បីត្រៀមខ្លួនក្រោយចប់វិបត្តិ នៅពេលខាងមុខនេះ។

ក្រសួងទេសចរណ៍ មានចក្ខុវិស័យសុទិដ្ឋិនិយមថា វិស័យទេសចរណ៍កម្ពុជា នឹងវិលត្រឡប់ទៅរកភាពប្រសើរឡើងវិញ ក្រោយវិបត្តិនៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ស្របតាមយុទ្ធនាការ «Stay Home Today, Travel Tomorrow»។ ក្នុងបរិបទនេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងមានតម្រូវការកាន់តែខ្ពស់ នូវគុណភាពសេវាកម្ម ជាពិសេសការយកចិត្តទុកដាក់ចំពោះអនាម័យ សុវត្ថិភាព សេវាកម្ម និងផលិតផលទេសចរណ៍។

ក្នុងដំណាក់កាលអន្តរកាល នៃការរង់ចាំស្ថានភាពថយចុះ នៃការរីករាលដាលជាសកល នៃវីរុសកូវីដ១៩ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ ដោយពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ឱ្យបានកាន់តែប្រសើរជាងមុន និងលើកទឹកចិត្តដល់ទីតាំងសណ្ឋាគារ និងសេវាកម្មស្នាក់នៅ ទេសចរណ៍ទាំងឡាយ ដែលបានធ្វើប្រតិប្តតិការអាជីវកម្មចាប់ពី ១០ឆ្នាំឡើងទៅ គួរឆ្លៀតក្នុងឱកាស នៃវិបត្តិជំងឺឆ្លងនេះ កែលម្អជួសជុល ក្នុងករណីជាយថាហេតុណាមួយ ដើម្បីបង្កើនគុណភាព និងដូចជាលក្ខណៈសម្បត្តិដើម្បីអាចបង្កើនលទ្ធភាព ទទួលបានការវាយតម្លៃចំណាក់ថ្នាក់ សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ក្នុងកម្រិតប្រសើរជាងមុន (កើនលំដាប់ផ្កាយ)។

ម្ចាស់សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ អាចស្វែងយល់អំពី ប្រព័ន្ធចំណាត់ថ្នាក់នេះ ព្រមទាំងអាចធ្វើការវាយតម្លៃសាកល្បង (Pre-Assessment) តាមរយៈគេហទំព័រ www.Cambodiatourismrating.org/kh ។