ព្រលានយន្តហោះ ខេត្តមណ្ឌលគិរី នឹងក្លាយជាគោលដៅ អេកូទេសចរណ៍ ចម្បងរបស់ជាតិ

0

ភ្នំពេញ៖ លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា ទៅថ្ងៃអនាគត ព្រលានយន្តហោះ ខេត្តមណ្ឌលគិរី នឹងត្រូវប្រើប្រាស់ ជាព្រលានយន្តហោះ ក្នុងតំបន់ តភ្ជាប់ពីខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ ក្នុងតំបន់អាស៊ាន និងហួសទៅទីក្រុងសំខាន់ៗ របស់ចិន ជាពិសេសនឹងក្លាយជា គោលដៅអេកូទេសចរណ៍ចម្បង របស់ប្រទេសជាតិផងដែរ។ នេះបើយោងតាមហ្វេសប៊ុក របស់ក្រសួងទេសចរណ៍។

ក្នុងកិច្ចប្រជុំគណៈកម្មការ អន្តរក្រសួង ដើម្បីសិក្សារៀបចំផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី លោកថោង ខុន បានថ្លែងថា ការអភិវឌ្ឍវិស័យទេសចរណ៍ នៅខេត្តមណ្ឌលគិរី ចាំបាច់ត្រូវមានការចូលរួម ពីវិស័យពាក់ព័ន្ធ និងហេដ្ឋារចនាសម្ពន្ធ ផ្នែកដឹកជញ្ជូន ពិសេសគឺការបង្កើត ព្រលានយន្តហោះថ្មី ដែលមានតួនាទីសំខាន់ ក្នុងការបម្រើការដឹកជញ្ជូន ទេសចរ អ្នកដំណើរ ទំនិញផ្សេងៗ ដូចជាបន្លែ ផ្កា ផ្លែឈើទៅកាន់គោលដៅនានា ក្នុងប្រទេស។

លោកបន្តថា រាជរដ្ឋាភិបាល បានកំណត់រួចមកហើយ ដោយយកខេត្តមណ្ឌលគិរី និងភូមិភាគឦសានទាំងមូល គឺជាគោលដៅ អេកូទេសចរណ៍ដ៏ធំរបស់កម្ពុជា ដែលត្រូវមានការអភិវឌ្ឍ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្ត្រីបញ្ជាក់ថា វិស័យទេសចរណ៍ ជាវិស័យអន្តរវិស័យ ដែលត្រូវមានការគាំទ្រពីវិស័យពាក់ព័ន្ធ ដូចជា វិស័យបរិស្ថាន កសិកម្ម វប្បធម៌ ប្រព័ន្ធទឹកស្អាត អគ្គិសនី គមនាគមន៍ ការសម្រួលឱ្យមានប្រព័ន្ធបច្ចេកវិទ្យាទំនើប និងវិស័យជាច្រើនទៀត ពិសេសគឺការ រៀបចំប្លង់គោល ប្រើប្រាស់ដីធ្លី របស់ខេត្តទាំងមូល។

លោកបន្ថែមថា “ទៅថ្ងៃអនាគត ព្រលានយន្តហោះ ខេត្តមណ្ឌលគិរីនេះ អាចនឹងត្រូវប្រើប្រាស់ ជាព្រលានយន្តហោះក្នុងតំបន់ (Regional airport) តភ្ជាប់ខេត្តមណ្ឌលគិរី ទៅគោលដៅទេសចរណ៍ជិតខាង ដូចជា ប្រទេសថៃ វៀតណាម និងឡាវ ព្រមជាមួយទីក្រុងសំខាន់ៗ ផ្សេងទៀត របស់អាស៊ាន និងហួសទៅដល់ទីក្រុងសំខាន់ៗ របស់ប្រទេសចិនផងដែរ”។

លោកជឿជាក់ថា ផែនការមេអភិវឌ្ឍន៍ ទេសចរណ៍ខេត្តមណ្ឌលគិរីនេះ ត្រូវតែជាផែនការដែល មានលក្ខណៈសមាហរណកម្ម ជាមួយវិស័យផ្សេងៗ (Intergrated Master Plan) ពិសេសប្លង់គោលប្រើប្រាស់ដីធ្លី (ដែលក្រសួងរៀបចំដែនដី កំពុងរៀបចំ) ដើម្បីសម្រេចចក្ខុវិស័យ ធ្វើឱ្យខេត្តមណ្ឌលគិរី និងតំបន់ភូមិភាគឦសាន្តទាំងមូល ឱ្យក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងនិរន្តរភាព ពិសេសគឺជាគោលដៅ អេកូទេសចរណ៍ចម្បង របស់ប្រទេសជាតិ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល ដែលបានរៀបចំគម្រោង កសាងព្រលានយន្តហោះមួយ នៅខេត្តមណ្ឌលគិរី សម្រាប់ដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរ ពីតំបន់ទេសចរណ៍ធំៗ ដូចជា រាជធានីភ្នំពេញ សៀមរាប-អង្គរ តំបន់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ នៅភូមិភាគនិរតី តំបន់ទេសចរណ៍ នៅភាគពាយ័ព្យ មានខេត្តបាត់ដំបងជាដើម ៕