ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថាស្រះស្រង់ និងប្រាសាទបន្ទាយក្ដី ទំនងជាត្រូវបានកសាងឡើង ដំបូងគេបង្អស់ ក្នុងចំណោមព្រះរាជសមិទ្ធផលនានា របស់ព្រះបាទជ័យវរ្ម័នទី៧ មុនការកសាងប្រាសាទ តាព្រហ្មនៅឆ្នាំ១១៨៦។ នៅកណ្ដាលស្រះស្រង់ ក៏មានប្រាសាទតូចមួយដែរ ប៉ុន្តែប្រាសាទនោះ ត្រូវបានបាក់រលំជាច្រើន រយឆ្នាំមកហើយ។ មកដល់ពេលបច្ចុប្បន្ននេះ អាជ្ញាធរជាតិអប្សរា បានបើកការជួសជុល ប្រាសាទនេះឡើងវិញ ដែលគ្រោងនឹងបញ្ចប់ ឲ្យបានរួចរាល់ នៅចុងឆ្នាំ២០២០នេះ។
នាពេលថ្មីៗនេះ ក្រុមការងារ របស់អាជ្ញាធរជាតិអប្សរា បានរកឃើញបុរាណវត្ថុមួយចំនួន ពីការធ្វើកំណាយ នៅក្រោមប្រាសាទ កណ្ដាលស្រះស្រង់នេះ ក្នុងនោះរួមមាន ខ្វាតពណ៌ស ឬគ្រីស្ដាល់ជាច្រើនគ្រាប់ ចម្លាក់ថ្មក្បាលនាគដ៏ធំមួយ ត្រីសូល៍ធ្វើអំពីលោហៈចំនួន៤ ដែលមួយនៅមានរូបរាងល្អ និងមួយទៀតនៅសល់ តែបំណែកចុងស្រួចមួយចំហៀង។គេក៏បានធ្វើកំណាយរកឃើញ ចម្លាក់ថ្មរូបសត្វអណ្ដើក ២ទៀតដែរ ខណៈក្រុមការងារកំពុង វិភាគស្រាវជ្រាវរកអំណះអំណាង បន្ថែមអំពីប្រភព និងបុព្វហេតុនៃការបុរាណវត្ថុទាំងនេះ ៕