ភ្នំពេញ៖ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ មិនឲ្យមន្ដ្រីនគរបាលចរាចរណ៍ ហៅ ឬឃាត់អ្នកបើកបរយានយន្ដគ្រប់ប្រភេទ ដើម្បីត្រួតពិនិត្យឯកសារផ្សេងៗនោះឡើយ លើកលែងតែមានអំពើ ល្មើសជាក់ស្ដែង ដែលមានកំណត់នៅក្នុងអនុក្រឹត្យថ្មីតែប៉ុណ្ណោះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា «ករណីនេះត្រូវបានការណែនាំពីនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិយ៉ាងច្បាស់ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង គឺយានយន្ដទាំងអស់ ដែលត្រូវត្រួតពិនិត្យ គឺជាយានយន្ដដែលប្រព្រឹត្តល្មើស ហើយយើងមិនអនុញ្ញាត ឲ្យឃាត់ដាច់ខាត ប្រសិនបើមិនរកឃើញមានបទល្មើស ជាក់ស្ដែងណាមួយ» ។
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានឲ្យដឹងបន្ថែមថាប្រសិនបើអំពើល្មើសណាមួយ ហើយត្រូវសមត្ថកិច្ចឃាត់នោះ គឺសមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យឯកសារផ្សេងៗ ដែលច្បាប់តម្រូវឲ្យមាន។ ប្រសិនបើអ្នកបើកបរខ្វះកន្លែងណាមួយ ដែលកំណត់ឲ្យផាកពិន័យ នោះមន្ដ្រីនគរបាលចរាចរណ៍ នឹងបូកអំពើល្មើសចូលគ្នាហើយពិន័យទាំងអស់តែម្ដង។
គួរកត់សម្គាល់ថាក្រោយដាក់ចេញវិធានការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៤៣/៩៥លើក ថយ៥២លើក ស្មើ៥៤% ស្លាប់ ២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០% របួស ៥៦/១១៥នាក់ ថយ ៥៩នាក់ ស្មើ ៥១.៣០% ប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩៕