ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២០លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយ អភិបាលរងខេត្ត ទីប្រឹក្សាសម្តេចក្រឡាហោម ប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋាន និងអ្នកមុខអ្នកមួយចំនួនទៀត បានអញ្ជើញចុះពិនិត្យការជីកបឹងមួយកន្លែង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សម្រាប់ស្តុបទឹកប្រើប្រាស់នារដូវប្រាំង នៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។នេះបើយោងតាមរដ្ឋបាលខេត្តបាត់ដំបង។
លោក ម៉ៅ សុចាន់ អភិបាលស្រុកគាស់ក្រឡ បានលើកឡើងថា នៅក្នុងស្រុកគាស់ក្រឡ មានឃុំចំនួន៦ ក្នុងនោះមានឃុំចំនួន៥ ឲ្យតែដល់រដូវប្រាំង តែងរងនូវការខ្វះខាតទឹកប្រើប្រាស់ ក្នុងនោះមានឃុំហប់ ឃុំឆ្នាមាន់ ឃុំដូនបា ឃុំគាស់ក្រឡ និងឃុំព្រះផុស ដោយឃុំចំណោមនេះ ក៏មានឃុំពិបាកក្នុងការនាំទឹកតាមប្រព័ន្ធប្រឡាយ ដើម្បីឲ្យពលរដ្ឋបានប្រើប្រាស់ផងដែរ គឺត្រូវតែបូមបន្ត ព្រោះតែឃុំទាំងនោះ នៅក្នុងតំបន់មានទួលខ្ពស់។
លោកអភិបាលស្រុកបន្តថា បញ្ហាខ្វះខាតទឹកនេះ ក្រៅពីការនាំទឹកពីប្រភពផ្សេងៗ នៅតាមឃុំមួយចំនួន ក៏មានជីកស្រះធំៗបន្ថែម ដើម្បីមានទឹកទុកឲ្យពលរដ្ឋបានប្រើប្រាស់ ជាក់ស្ដែងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់ជាអំណោយ ជីកបឹងសម្រាប់ស្តុបទឹកដែលមានទទឹង ១០០ម៉ែត្រ បណ្ដោយ២០០ម៉ែត្រ ស្ថិតនៅឃុំព្រះផុស ដែលទឹកស្រះនេះនឹងអាចជួយឲ្យពលរដ្ឋចំនួន ២ឃុំ ស្នើនឹង៧ភូមិ មានទឹកប្រើប្រាស់។
លោក ម៉ៅ សុចាន់ បានបញ្ជាក់បន្ថែមទៀតថា ប្រជាពលរដ្ឋនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រមាណ៥០០០គ្រួសារ គិតជាជាមនុស្សរាយចំនួនជាង២០០០០នាក់ នៅក្នុងរដូវប្រាំងជារៀងរាល់ឆ្នាំ តែងតែជួបនូវការប្រឈមខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ ហើយពួកគេក៏ត្រូវបានអាជ្ញាធរដឹកទឹកទៅចែក និងអន្តរាគមន៍នាំយកទឹកពីប្រភពផ្សេងៗបូមឲ្យបានប្រើប្រាស់ផងដែរ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានជំរុញអាជ្ញាធរស្រុកគាស់ក្រឡ ពន្លឿនការជីកស្រះទឹកនេះឲ្យឆាប់បានចប់រួចរាល់ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ឆាប់បានប្រើប្រាស់ ប្រចាំថ្ងៃ កុំឲ្យពួកគាត់មានការលំបាកដូចសព្វដង។
គួរបញ្ជាក់ថា ស្រុកគាស់ក្រឡ ជាស្រុកមួយក្នុងចំណោមក្រុងស្រុកទាំង១៤ របស់ខេត្តបាត់ដំបង តែងជួបនូវបញ្ហាគ្រោះរាំងស្ងួតជាងគេ ធ្វើឲ្យពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ ដំណាំស្រូវ និងដំណាំកសិកម្មផ្សេងៗ តែងជួបបញ្ហាខ្វះទឹកស្រោចស្រព ព្រោះស្រុកមួយនេះ ស្ថិតនៅខ្ពងរាបខ្ពស់មានភ្នំច្រើន ប៉ុន្តែនៅដើមឆ្នាំនេះហាក់មានអំណោយផលគ្រាន់បើ ដោយទទួលបានដំណក់ទឹកភ្លៀងជាបន្តបន្ទាប់ តាមប្រឡយទឹក និងស្រះទឹកមួយចំនួនមានទឹកពេញ អាចឲ្យពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ ខណៈដែលសឹងតែរាល់ឆ្នាំ គឺមានការខ្វះខាតទឹក ត្រូវបានអាជ្ញាធរដឹកទឹកទៅចែកតាមផ្ទះ៕