មតិពលរដ្ឋ៖ឈ្មួញទុច្ចរិត កំពុងឈូសឆាយ ដីព្រៃលិចទឹក ក្នុងអតីតដែនឡូតិ៍ នេសាទលេខ៦ ស្ថិតនៅស្រុកលើកដែក យ៉ាងអនាធិបតេយ្យ

0

ភ្នំពេញ៖ ប្រជាពលរដ្ឋជាច្រើន គ្រួសារបានលើកឡើងព្រមៗគ្នា ថាព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន នៅរដូវវស្សាស្ថិត ក្នុងអតីតដែនឡូតិ៍ នេសាទលេខ៦ រាប់រយហិកតា កំពុងរងការឈូសឆាយ និងដុតបំផ្លាញយ៉ាងអនាធិបតេយ្យ ដើម្បីប្រែក្លាយទៅជាដី អាស្រ័យផល ស្របច្បាប់ដោយមាន ការឃុបឃិតគ្នាជាប្រព័ន្ធ។

មជ្ឈដ្ឋាននានា បានសម្ដែងការងឿងឆ្ងល់ ថាលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក ទើបស្នើទៅកាន់គ្រប់ អភិបាលរាជធានីខេត្ត ឲ្យជួយទប់ស្កាត់ការរំលោភ ចាក់ដីលុបចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ ស្រាប់តែឈ្មួញទុច្ចរិត ហ៊ានឈូសឆាយកាប់បំផ្លាញ រំលោភយកដីព្រៃលិចទឹក ក្នុងអតីតដែនឡូតិ៍ នេសាទលេខ៦ ស្ថិតនៅស្រុកលើក យ៉ាងអនាធិបតេយ្យទៅវិញ។

ប្រជាពលរដ្ឋនិងមន្ត្រីជំនាញ បានលើកឡើងថា សព្វថ្ងៃនេះដីព្រៃលិចទឹកដែលជា ជម្រកត្រីពងកូន នារដូវទឹកឡើង នៅក្នុងអតីតដែនឡូត៍នេសាទលេខ៦ ក្នុងភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កំពុងត្រូវបានក្រុម មេការបស់លោក ឧកញ៉ា ថាច់ ថង ធ្វើការឈូសនិងដុតបំផ្លាញ យ៉ាងអនាធិបតេយ្យរង្គើពេញព្រៃ ជាមួយគ្រឿងចក្រជាច្រើនគ្រឿង ក្រោមលេសលើកទំនប់ព័ទ្ធព្រំដី ។

ប្រជាពលរដ្ឋបានបន្ដថា សកម្មភាពនេះ អាចដំណើរការ ទៅបានបើមិនត្រូវរ៉ូវគ្នា ជាអាជ្ញាធរតាំងពីថ្នាក់ក្រោម រហូតដល់ថ្នាក់លើ គឺប្រជាពលរដ្ឋធម្មតា មិនអាចធ្វើបាននោះទេ ហើយប្រសិនបើ នៅតែបណ្ដែតបណ្ដោយ របៀបនេះ ដីព្រៃ លិចទឹក ពិតជារលាយហិនហោចជាពុំខាន តើឱ្យត្រីទៅពងកូននៅឯណា? អតីតដែនឡូត៍លេខ៦ ដែលរាជរដ្ឋាភិបាលកាត់មកឱ្យ ប្រជាពលរដ្ឋ អាស្រ័យផលដោយការធ្វើ នេសាទជាលក្ខណៈគ្រួសារបាន ក្លាយទៅជាកម្មសិទ្ធិឯកជន តើ ពួកគាត់ជាប្រជាពលរដ្ឋ មានកន្លែងណា រកត្រី ក្តាម ខ្យង ចិញ្ចឹម ប្រពន្ធ កូន ទៀត ។

មន្ត្រីអធិការកិច្ចរដ្ឋបាលជលផលចតុមុខ បានបង្ហើបឱ្យដឹងថា ដីដែលលោក ឧកញ៉ា ថាច់ ថង បាននិងកំពុងបញ្ជាកូនចៅ ឱ្យឈូសឆាយដុតបំផ្លាញព្រៃនិងលើកទំបន់នេះ អាចធ្វើទៅកើតបន្ទាប់ពី ធ្វើការចុច GPS បញ្ជាក់ថា ស្ថិតនៅក្នុង អតីតឡូត៍នេសាទលេខ៦ និងជាព្រៃលិចទឹក សម្រាប់ត្រីពងកូននៅ រដូវទឹកដំឡើងទៀតផង ។ រឿងអីដីអតីតដែនឡូត៍និងព្រៃលិចទឹក ជាជម្រកត្រីពងកូន អាចក្លាយទៅជា កម្មសិទ្ធិឯកជនទៅ កើត ហើយករណីនេះលោកកំពុងធ្វើរបាយ ការណ៍ដាក់ជូន ទៅអគ្គនាយករដ្ឋបាលជលផល និងលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យរួចរាល់ហើយផងដែរ ។

ជាក់ស្ដែងក្រុមមេការ របស់លោកឧកញ៉ា ថាច់ ថង បាននិយាយក្តែងៗថា ដីនេះមេរបស់ពួកគេទិញ មានការដឹងឮពីអាជ្ញាធរ តាំងពី១៤ឆ្នាំមុនមកម្ល៉េះ និងមានការទទួលស្គាល់ពីអាជ្ញាធរ ទៀតផង ។ហើយការដែលមកធ្វើនេះ គឺសុទ្ធតែមាន ច្បាប់ពី ចៅហ្វាយខេត្ត មិនមែនចេះតែធ្វើៗនោះទេ ហើយការលើកទំនប់ព្រំនេះ ព្រោះតែខ្លាចមានអ្នករំលោភយក ដោយសារតែលោក មេឃុំកំពង់ភ្នំ ចេះតែស៊ីញេលក់ពាសវាលពាសកាលពេក ។

ពាក់ព័ន្ធបញ្ហានេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ធ្លាប់បានឆ្លើយតបថា តំណាងក្រសួងកសិកម្ម មន្ត្រីរដ្ឋបាលជលផល កណ្តាល ចតុមុខ និង ជលផលខេត្តអភិបាលរងខេត្ត មន្ដ្រីខេត្តនិងអភិបាលស្រុក បាន ចុះទៅពិនិត្យ ទីតាំងនិងណែនាំ កុំឱ្យចូលឡូត៍អភិរក្សនិងបំពាន ដីរដ្ឋ បើល្មើសសេចក្តីណែនាំ លេខ០២ និងដីមានវិវាទគឺត្រូវមានវិធានការ តាមច្បាប់ភ្លាម ៕