ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា ជំងឺកូវីដ១៩នេះ នៅតែជាហានិភ័យខ្ពស់ សម្រាប់កម្ពុជា និងពិភពលោក ដូច្នេះការរៀបចំពិធីអាពាហ៍ពិពាហ៍ ឬបុណ្យទានផ្សេង គួរផ្អាកសិនគឺជាការល្អ។
ការលេីកឡេីងរបស់លោកស្រី ឱ វណ្ណឌីន បែបនេះបន្ទាប់ពីសង្កេតឃើញថា ប្រជាពលរដ្ឋមួយចំនួន បានរៀបចំពិធីជួបជុំផឹកស៊ីជាពិសេសកម្មវិធីមង្គលការ ជប់លាងផ្សេងៗជាដេីម ដោយភ្លេចខ្លួន ទប់ស្កាត់និងការពារចំពោះការរីករាលជំងឺឆ្លងកូវីដ១៩។
ក្នុងសន្និសីទសារព័ត៌មានស្ដីពី“បច្ចុប្បន្នភាព ជំងឺកូវីដ១៩” នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោកស្រីបានថ្លែងថា «ប្រសិនបើយើងប្រកបការរស់នៅរបស់យើង រាល់ថ្ងៃនេះ យើងត្រូវបោះជំហ៊ាន របស់យើងហ្នឹងឲ្យត្រូវ បើមិនត្រូវទេជំពុបជើងដួល បើមិនត្រូវទេប៉ះទៅហ្នឹងវីរុសដែលអាចបង្ករឲ្យមានរលកទីពីរ កើតមានឡើង ចឹងកន្លែងនេះខ្ញុំសូមបញ្ជាក់ជូនថា ការៀបអាពាហ៍ពិពាហ៍ ក្ដីការប្រារព្ធនូវពិធីអីផ្សេងៗក្ដី ប្រសិនបើអាចពន្យាពេល បានជាការល្អប្រសើរមែនទែន ដោយសារយើងទុករយៈពេល ប្រហែលជាពីរបីខែទៀតយើងតាមមើលស្ថានភាព នៅសកលលោក ពីព្រោះឥឡូវ ប្រទេសមួយចំនួនក៏មានការថយចុះ ហើយ តែប្រទេសមួយចំនួនធំទៀតនៅតែបន្តឡើង»៕