ភ្នំពេញ៖ ក្រោយពេលពលករខ្មែរ មានបំណងវិលត្រឡប់ មកកាន់ស្រុកកំណើតវិញនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ប្រទេសម៉ាឡេស៊ី ជាកន្លែងមានហានិភ័យខ្ពស់ នៃការឆ្លងកូវីដ១៩ បើពលករខ្មែរ មិនទាន់ត្រឡប់មកវិញ កាន់តែល្អ ដើម្បីកុំឲ្យមានការចម្លង រោគមកកាន់ប្រជាពលរដ្ឋ កម្ពុជា។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា “ជារឿងរបស់គាត់ទេ មកឬមិនមកជារឿងរបស់គាត់ ព្រោះយើងបាន គោលការណ៍ ពីរាជរដ្ឋាភិបាលរួចមកហើយ ពលរដ្ឋខ្មែរត្រូវតែ មានវិញ្ញាប័នបត្របញ្ជាក់ថា គ្មានផ្ទុកមេរោគកូវីដ-19 បានអនុញ្ញាតឲ្យមក ប្រទេសកម្ពុជាវិញ បន្ទាប់មកទៀតពេលគាត់មកដល់ភ្នំពេញហើយ យើងត្រូវឆែកទៀត ដោយអោយគាត់ធ្វើ ចត្តាឡីស័ក ចំនួន១៤ថ្ងៃទៀត នៅសាលាជម្ពូរវ័ន្ត ហើយពេលគាត់ត្រឡប់ទៅផ្ទះវិញ ត្រូវបន្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃបន្ថែមទៀត ព្រោះប្រទេសម៉ាឡេស៊ី គឺជាកន្លែងមួយដែលមានហានិភ័យខ្ពស់ ដូច្នេះគាត់អត់មកវាជារឿងល្អហើយ តែបើគាត់មកក៏ត្រូវតែបំពេញកាតព្វកិច្ចនេះជាដាច់ខាត”។
ទាក់ទិនបញ្ហានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអរគុណពលករខ្មែរ ជាង២០0នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន៧៣នាក់ផងដែរដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជា កាលពីពេលថ្មីៗ ក្នុងពេលដែលដែលប្រទេសកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលេីបណ្ដាញសង្គមហ្វេសប៊ុក នៅរសៀល ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ថា មកទល់ថ្ងៃនេះ កម្ពុជានិងពិភពលោកកំពុងសកម្មនាំគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ហើយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះនៅឡើយទេ។
សម្ដេចតេជោ មានប្រសាសន៍ថា “រាជរដ្ឋាភិបាលកម្ពុជា សូមអរគុណកូនក្មួយពលករជាង២០០ នាក់ ដែលក្នុងនោះក៏មានកូនក្មួយអ្នកទោសចំនួន ៧៣នាក់ផងដែរ ដែលត្រូវបានផ្អាកការធ្វើដំណើរវិលត្រឡប់មកកម្ពុជាកាលពីពេលថ្មីៗ ក្នុងពេលដែលដែលប្រទេសយើងកំពុងដាក់បម្រាមតឹងរឹងក្នុងការធ្វើដំណើរ”។
សម្ដេចតេជោ បន្ត ថា ប៉ុន្តែនៅពេលនេះបម្រាមការធ្វើដំណើរក្នុងប្រទេសក៏បានលើក ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអោយកូនក្មួយពលករខ្មែរជាង២០០នាក់អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ប៉ុន្តែសូមកូនក្មួយទុកពេលវេលាអោយខាងអាជ្ញាធរម៉ាឡេស៉ីគេធ្វើតេស្តសុខភាពសិន ដើម្បីបញ្ជាក់ថាកូនក្មួយគ្មានសញ្ញាវិជ្ជមាននៃជំងឺកូវីដ-១៩ ។ ទាំងអស់គ្នា ទាំងអ្នកនៅក្នុងប្រទេស និងក្រៅប្រទេស គឺត្រូវមានការប្រុងប្រយ័ត្នជានិច្ច កុំនាំរោគឆ្លងពីក្រៅចូលក្នុង និងពីម្នាក់ទៅម្នាក់ ព្រោះជំងឺកូវីដ-១៩ នេះ គឺងាយឆ្លងខ្លាំងណាស់។
សម្ដេចតេជោ បន្ថែម ថា “សូមកូនក្មួយកុំបារម្ភអ្វី ប្រសិនបើកូនក្មួយគ្មានជំងឺឆ្លងកូវីដ-១៩ទេ គឺកូនក្មួយអាចវិលត្រឡប់មកកម្ពុជាវិញបានក្នុងពេលឆាប់ៗនេះ។ ផ្ទុយពីនេះ បើខាងម៉ាឡេស៊ីពិនិត្យឃើញមានកូវីដ-១៩ទៅលើកូនក្មួយណា គឺត្រូវនៅសម្រាកព្យាបាលនៅទីនោះសិនរហូតដល់ជាសះស្បើយទើបអនុញ្ញាតឱ្យត្រឡប់មកកម្ពុជាវិញ”។
ជាងនេះ ទៅទៀត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ចំពោះកូនក្មួយដែលនឹងមកដល់កម្ពុជាវិញ គឺត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ (រស់នៅដាច់ដោយឡែក) សិន ដើម្បីតាមដានសុខភាពជាបន្ត ហើយក៏មានការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀតនៅតាមផ្ទះផងដែរ ៕