ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកទឹកចិត្តដល់បងប្អូនជនរួមជាតិ ចូលរួមផ្តល់ជាមតិយោបល់ក្នុងន័យស្ថាបនា និងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែល្អប្រសើរឡើង ។ នេះបើយោងតាមហ្វេសប៊ុក សម្ដេច ស ខេង ។
ការថ្លែងលើកទឹកចិត្តរបស់ សម្ដេចក្រឡាហោម បែបនេះ បន្ទាប់ពីកត់សម្គាល់ឃើញថា ក្នុងរយៈពេលមួយសប្តាហ៍នេះ គឺគ្រោះថ្នាក់ចរាចរណ៍ និងការស្លាប់បាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍នេះ មានការថយចុះបើប្រៀបធៀប រយៈពេលមួយសប្តាហ៍ចុងក្រោយ មុនមានការរឹតបន្តឹងអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកនេះ ។
សម្ដេច បានថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងកងកម្លាំងមានសមត្ថកិច្ច ក៏ដូចជាមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តភារកិច្ច របស់ខ្លួនបានល្អប្រសើរ ។
ជាពិសេសសម្ដេច ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបងប្អូនជនរួមជាតិដែលបានផ្ញើសារ និងការបញ្ចេញមតិ នៅក្នុងផេកហ្វេសប៊ុក របស់សម្ដេចផ្ទាល់តែម្តង ដែលសុទ្ធតែជាសារ និងមតិប្រកបដោយខ្លឹមសារ ចូលរួមស្ថាបនា និងកែលំអរ ។
សម្ដេចក្រឡាហោម បញ្ជាក់ថា «ខ្ញុំសូមលើកទឹកចិត្ត ដល់បងប្អូនជនរួមជាតិ បន្តចូលរួមផ្តល់ជាមតិយោបល់ ក្នុងន័យស្ថាបនា និងកែលំអរថែមទៀត ដើម្បីបន្តការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យកាន់តែល្អប្រសើរឡើង គឺមានន័យថា អត្រាគ្រោះថ្នាក់ចរាចរណ៍ នឹងកាន់តែថយចុះ ចំនួនអ្នកស្លាប់កាន់តែតិច សណ្តាប់ធ្នាប់សាធារណៈកាន់តែមាន របៀបរៀបរយល្អប្រសើរ សមជាប្រទេសកម្ពុជា និងប្រជាពលរដ្ឋខ្មែរ ជាប្រជាជាតិស៊ីវិល័យ» ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៨ ឧសភា បានឲ្យដឹងថា រយៈពេលមួយសប្តាហ៍កន្លងមកនេះ នគរបាលចរាចរណ៍ផ្លូវគោក បានត្រួតពិនិត្យឃើញបទល្មើស និងធ្វើការពិន័យចំពោះយានយន្ដ ល្មើសច្បាប់សរុបចំនួន ១៣.៩៦៨ករណី ក្នុងនោះមានក្រយានយន្ត និងត្រីចក្រយានយន្តចំនួន ១០.៨១៥ករណី ស្មើនឹង ៧៧% និងរថយន្តគ្រប់ប្រភេទចំនួន ៣.១៥៣ករណី ស្មើនឹង២៣% ។
ជាមួយគ្នានេះ ស្ថានភាពចរាចរណ៍ មានភាពល្អប្រសើរជាងមុន ដោយរយៈពេលមួយសប្តាហ៍នេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៤៣លើក/៩៥លើ ថយ ៥២លើក ស្មើនឹង ៥៤% ស្លាប់២៤/៤០នាក់ ថយ១៦នាក់ ស្មើ៤០% របួស៥៦/១១៥នាក់ ថយ៥៩នាក់ ស្មើ៥១,៣០% ប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែឧសភា ឆ្នាំ២០១៩។
បើប្រៀបធៀបជាមួយសប្តាហ៍ទី៤ នៃខែមេសា ឆ្នាំ២០២០ ឃើញថា គ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១២លើក ស្មើនឹង ២២% ក្នុងនោះអ្នកស្លាប់ថយចុះ ១១នាក់ ស្មើនឹង ៣១% អ្នករបួសថយចុះ ២នាក់ ស្មើនឹង ៣% ៕